Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​មនុស្ស​៦​នាក់ លួច​កាប់​ឈើ​ធ្នង់​១​ដើម ពេល​ម្ចាស់​គេ​មក​ទាន់ ដក​កាំភ្លើង​អាកា​ភ្ជង់​គំរាម​បាញ់សម្លាប់​

​ខេត្ត​បាត់ដំបង ៖​ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​បាន​ប្រើប្រាស់​កាំភ្លើង​អាកា​១​ដើម ម៉ាស៊ីន​ត្រងសឺន័រ​អារឈើ​១​គ្រឿង រថយន្ត​កែច្នៃ​១​គ្រឿង​បាន​ធ្វើ​សកម្មភាព​ចូល​លួច​កាប់​ឈើ​ឆ្នង់​ដ៏​ធំ​មួយ​ដើម នៅ​ចម្ការ​មួយកន្លែង ហើយ​ពេល​ម្ចាស់​ចម្ការ​មក​ទាន់ ក៏​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​គំរាម​ម្ចាស់​ឈើ ។ ម្ចាស់​ចម្ការ​បាន​រត់​ទៅ​ប្តឹង​សមត្ថកិច្ច ដើម្បី​ឲ្យ​អន្តរាគមន៍ ហើយ​កម្លាំង​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន ជន​ទាំងនោះ កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃទី​១០ ធ្នូ ស្ថិត​ត្រង់​ចំណុច​ថ្ម​តម្រួត ក្នុង​ភូមិ​អូរ​រំចេក​ក្រោម ឃុំ​អូរ​សំ​រិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។​

​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ​ទាំង​៦​នាក់ ១-​ឈ្មោះ​យី ម៉ង់ អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​សំរិល​លើ ឃុំ​អូរ​សំ​រិល ស្រុក​សំឡូត , ២-​ឈ្មោះ​ប៉ែត សំ​អ៊ុន អាយុ​៣២​ឆ្នាំ រស់​ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​, ៣-​ឈ្មោះ​ឆៃ ណាក់ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កន្តួត ឃុំ​សំឡូត ស្រុក​សំឡូត​, ៤-​ឈ្មោះ​នាក់ មឿន អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ រស់នៅ​ភូមិ​បឹង​រុន ឃុំ​សំឡូត ស្រុក​សំឡូត​, ៥-​ឈ្មោះ​សៀង សុខា អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​-​ឃុំ​ជា​មួយ​គ្នា និង​៦-​ឈ្មោះ​គឿត សា​វី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា ។ ពួកគេ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំឡូត ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដែល​ជាប់​សង្ស័យ​ពី​បទ​លួច​កាប់​ឈើ​គំរាមកំហែង និង​កាន់កាប់​អាវុធ​ខុសច្បាប់ និង​បាន​ដកហូត​បាន​វត្ថុតាង​រួមមាន កាំភ្លើង​អាកា​១​ដើម គ្រាប់​ចំនួន​៤​គ្រាប់ ម៉ាស៊ីន​ត្រងសឺន័រ​អារឈើ​១​គ្រឿង រថយន្ត​កែច្នៃ​១​គ្រឿង និង​ឈើ​ធ្នង់​១​ដើម​។ ជនសង្ស័យ​ទាំង​៦​នាក់ និង​វត្ថុតាង​កំពុង​ឃាត់​នៅ​មូលដ្ឋាន​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

​បើតាម​សមត្ថកិច្ច​បាន​បញ្ជាក់ថា ជន​ទាំង​៦​នាក់​នេះ បាន​នាំគ្នា​លួច​កាប់​ឈើ​ធ្នង់​នៅ​ក្នុង​ចំការ​របស់​ឈ្មោះ​សូត្រ ណុង ហៅ​ម៉ម នឿន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។ ពេល​កំពុង​ធ្វើ​សកម្មភាព ម្ចាស់​ចំការ​បាន​ទៅ​ទាន់ តែ​ត្រូវ​ក្រុម​ជនសង្ស័យ​ទាញ​កាំភ្លើង​អាកា​បាញ់​គំរាម​មិន​ឲ្យ​ម្ចាស់​ចំការ​ចូល​ជិត ទើប​ម្ចាស់​ចម្ការ​រាយការណ៍​ប្ដឹង​សមត្ថកិច្ច​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

×