Saturday, November 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១០​ខែ ឆ្នាំ​២០១៨ ទេសចរ​អន្តរជាតិ​ជាង​ ៧៧​ម៉ឺន​នាក់ បាន​ទៅ​ទស្សនា​តំបន់ឆ្នេរ​កម្ពុជា​

​កោះកុង​ ៖​ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាង ៧៧​ម៉ឺន​នាក់ បានមក​ទស្សនា​តំបន់ឆ្នេរ​សមុទ្រ​នៅ​ប្រទេស​កម្ពុជា ក្នុង​កំណើន ២៦,៩​ភាគរយ​។ លោក​ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ (​ជុំ​ទី​២) នៅ​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ។​

​លោក ថោង ខុន បាន​រំពឹងទុក​ថា សម្រាប់​ឆ្នាំ​២០១៨​នេះ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៩២​ម៉ឺន​នាក់ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ៣,៥​លាន់​នាក់ ក្នុងនោះ​ខេត្តកោះកុង​អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៩​ម៉ឺន​នាក់ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ៦០​ម៉ឺន​នាក់​។​

​លោក​បាន​មានប្រសាសន៍ថា តាម​ការប៉ាន់ស្មាន តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទាំងមូល​អាច​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ១.២​លាន​នាក់ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ៤,៥​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​នៅ​ឆ្នាំ​២០៣០ អាច​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ជាង ៣​លាន​នាក់ និង​ភ្ញៀវ​ជាតិប្រមាណ ៦​លាន​នាក់​។​

​លោក​រដ្ឋមន្ត្រី​ថា តួលេខ​ខាងលើនេះ គឺជា​សារ​ប្រកាសជូន​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ទាញយក​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម​ជា​អតិបរិមា​ពី​តំបន់​នេះ តាមរយៈ​វិស័យ​ទេសចរណ៍​។​

​លោក ថោង ខុន ក៏បាន​រំឭក​ឡើងវិញ​ថា បុណ្យ​សមុទ្រ​លើក​ទី​៧ ឆ្នាំ​២០១៨ នៅ​ខេត្តកោះកុង​នឹង​ប្រា​រព​ធ្វើឡើង​ក្រោម​ប្រធានបទ “​ឆ្នេរសមុទ្រ​ស្អាត ពលរដ្ឋ​រមណីយ – Beautiful Bay, Happy Citizen” ក្រោម​ពាក្យស្លោក “​អេកូ​ទេសចរណ៍​សម្រាប់​កំណើន​បៃតង និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​”​។​

​លោក​បាន​បន្តថា ពាក្យស្លោក​នេះ គឺ​ការគូសបញ្ជាក់​ឱ្យ​កាន់តែច្បាស់​នូវ​ចំណង​ពាក់ព័ន្ធ រវាង​ធនធានធម្មជាតិ​តំបន់ឆ្នេរ និង​មនុស្ស ដែល​មានន័យថា ពលរដ្ឋ​រស់នៅក្នុង​តំបន់ឆ្នេរ​សមុទ្រ​ទួលបាន​ភាពសប្បាយ​រីករាយ ក្នុង​បរិយាកាស​រស់នៅ​ល្អ​មាន​កម្រិតជីវភាព​រស់​នៅ​សុខដុមរមនា អាស្រ័យ​នឹង​ធនធាន​សមុទ្រ ខណៈដែល​ធន ធាន ​សមុទ្រ​របស់​កម្ពុជា​អាច​រក្សាបាន​នូវ​ភាព​ទាក់ទាញ ស្អាត​ល្អ និង​សម្បូរបែប ដោយសារ​កត្តា​មនុស្ស​ ។​

​លោក​បញ្ជាក់​បន្ថែមថា ប្រធានបទ​នេះ​ក៏​ស្របតាម​ទិសដៅ​យុទ្ធ​សា​ស្រ​ក្នុងការ​អភិវឌ្ឍ​ខេត្ត​តំបន់ឆ្នេរ​ទាំង​៤ ៖

* ខេត្តកោះកុង ត្រូវបាន​ចាត់ទុកជា​គោលដៅ​អេកូ​ទេសចរណ៍​តំបន់ឆ្នេរ​លំដាប់​ខ្ពស់ និង​ប្រណីត​។

* ខេត្ត​ព្រះសីហនុ ជា​គោលដៅ​ទីក្រុង​ទេសចរណ៍​សម្រាកលំហែ និង​ជា​បណ្តុំ សម្រាប់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

* ខេត្ត​កែប ជា​គោលដៅ​ទីក្រុង​ទេសចរណ៍​លំដាប់​ខ្ពស់ និង​ប្រណីត​។

* ខេត្តកំពត ជា​គោលដៅ​ទីក្រុង​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌ និង​ក​សិ​ទេសចរណ៍​តំបន់ឆ្នេរ​។​

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ខេត្តកោះកុង ជា​ខេត្ត​ដែល​ប្រកបដោយ​សក្តានុពល​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ជាច្រើន ជាអាទិ៍​៖ តំបន់​អេកូ​ទេសចរណ៍​អា​រ៉ែ​ង សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត សហគមន៍​អេកូ​ទេសចរណ៍​ត្រពាំងរូង សហគមន៍​អេកូ​ទេសចរណ៍​តា​តៃ​ក្រោម សហគមន៍​ទេសចរណ៍​ពាម​ក្រសោប និង​មាន​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ខ្នាត​ធំ​ជាច្រើន​ទៀត ដូចជា​រមណីយដ្ឋាន​វិសមកាល​តារា​សាគរ រមណីយដ្ឋាន​ទេសចរណ៍​តា​តៃ និង​បណ្តា​រមណីយដ្ឋាន​ធំៗ​ដទៃទៀត​ជាច្រើន​បាន​កំពុង​ដំណើរ​ធុរកិច្ច​របស់ខ្លួន ហើយ​តាម​រយៈ​សកម្មភាព​នេះ បាននិងកំពុង​នាំមក​នូវ​ប្រភព​សេដ្ឋកិច្ច​ជាច្រើន​ដល់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​កិច្ច​គាំពារ​បរិស្ថាន និង​ធនធានធម្មជាតិ ​។​

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ស្នើ​ដល់​ភាគី​ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​លើ​កិច្ចការ​មួយចំនួន​ផងដែរ ដើម្បី​រក្សាបាន​នូវ​លំនឹង​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​ធម្មជាតិ​តំបន់ឆ្នេរ ពិសេស​តំបន់ឆ្នេរ​ខេត្តកោះកុង ក្នុងនោះ​រួមមាន​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ ពិសេស​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត ដើម្បី​ស្រូបយក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែច្រើន​ថែមទៀត​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×