ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីអបអរសាទរខួប លើកទី៦៩ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ក្រោមប្រធានបទ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ។
ពិធីនេះ បានរៀបចំឡើងនៅសាលមហោស្របកោះពេជ្រ ក្រោមការចូលរួមជាអធិបតីភាព ពីលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោក កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍អោយដឹងក្នុងពិធីថា៖ ព្រឹតិ្តការណ៍ក្នុងថ្ងៃនេះជាសក្ខីភាពបញ្ជាក់ អោយឃើញបន្ថែមទៀតនៅការចូលរួមអបអរចំពោះទិវាសិទ្ធិមនុស្សអន្តរជាតិដែលតែងប្រារព្ធឡើងជារាងរាល់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងអោយឃើញពីការរំលឹកឡើងវិញពីប្រវត្តិសាស្ត្ររបស់មនុស្សជាតិក្នុងការទាមទារសិទ្ធិសេរីភាពក៏ដូចជាការធ្វើពហិកម្មរបស់ប្រជាជនកម្ពុជាក្នុងបុព្វហេតុទាមទារការពារ អោយមានការចូលរួម អោយមានការគោរពសិទ្ធិមនុស្សក្នុងពេលកន្លងមកស្រមតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ស្តីពីការគោរពសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍អោយដឹងថា៖ សំរាប់ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យជាតិនៅឆ្នាំ១៩៥៣គឺដោយសារតែសុខសន្តិភាពនេះហើយទើបនាំអោយមានការអភិវឌ្ឍរាប់ទាំងការអភិវឌ្ឍលើ វិស័យសិទ្ធិមនុស្សផងដែ។ លោកបន្តថាប្រទេសជាតិមួយដែលមានការបែងចែកក្រុមប្រដាប់ អាវុធខុសគ្នា នាំមកនូវភ្លើងសង្គ្រាមនាំអោយមានការធ្វើរដ្ឋប្រហាទំលាក់ព្រះមហាវីរក្សត្រ ការប្រល័យពូជសាសន៍ដោយត្បូងចប ៣ ឆ្នាំ ៨ខែ២០ថ្ងៃ តើមានអ្នកណានិយាយរឺហ៊ានតវ៉ា ពីបញ្ហាសិទ្ធិមនុស្សដែរឬទេ? ការទម្លាក់គ្រាប់បែកពីមហាអំណាច ការសម្លាប់មនុស្សរាប់លានអ្នកដោយគ្មានអ្នកការពារ ធ្វើអោយមនុស្សរស់ក្នុងភាពអស់សង្ឃឹម រហូតដល់មានថ្ងៃ២ធ្នូ ថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ទើបអាចរំដោះខ្លួនរួចពីរបបប្រល័យពូជសាសន៍ ធ្វើអោយកម្ពុជាអាចរស់ដោយខ្លួនឯង ធ្វើជាម្ចាស់នៃជោគវាសនាប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
គួររំលឹកថា ទិវាសិទ្ធិមនុស្ស ១០ ខែធ្នូ ត្រូវបានចាត់ជាទិវាសិទ្ធិមនុស្សសកល ដែលអង្គការសហប្រជាជាតិ បានប្រកាសឲ្យប្រើតាំងពីឆ្នាំ ១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាពរបស់មនុស្ស ពោលគឺ ត្រូវការឲ្យមនុស្សចេះគោរពគ្នា ក្នុងនាមជាមនុស្សជាតិតែមួយ៕ ដោយ៖កូឡាប