Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ក្រុម​ជនជាតិ​ចិន​បាន​៣​នាក់ ចាប់ជំរិត​ទារប្រាក់​៨០​ម៉ឺន​ដុល្លារ ដកហូត​អាវុធខ្លី​មួយ​ដើម និង​រថយន្ដ​ទំនើប​២​គ្រឿង​

spot_img

ព្រះសីហនុ​៖ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​បើក​ប្រតិបត្តិការ​ពេញ​មួយ​យប់​ទល់​ភ្លឺ ដើម្បី​បង្ក្រាប​ក្រុម​ជនជាតិ​ចិន ដែល​បាន​ចាប់ជំរិត​ទារប្រាក់​ទ្រង់ទ្រាយ​ធំ ដោយ​ដកហូត​បាន​អាវុធខ្លី​ទំនើប​មួយ​ដើម និង​រថយន្ដ​ចំនួន​២​គ្រឿង​ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បានធ្វើ​សន្និសីទកាសែត ដើម្បី​ប្រាប់​អំពើ​ករណី​ចាប់ជំរិត​ជនជាតិ​ចិន​នេះ បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​៨-៩ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ក្រុមទី​១ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​បញ្ជាក់ថា ប្រតិ​ប​ត្ដិ​បង្ក្រាប​ដោយ​ជោគជ័យ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល​របស់លោក សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃ និង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ និង​ការចង្អុលបង្ហាញ​ពី​គណៈបញ្ជាការ​ឯកភាព​ខេត្ត​។​

​ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក្រុម​ជនសង្ស័យ​បាន​រៀប​ផែនការ​យ៉ាង​ល្អិតល្អន់ តាមដាន​ឃ្លាំមើល​ជនរងគ្រោះ​ធ្វើដំណើរ ពេល​ជនរងគ្រោះ​បើករថយន្ដ​ម៉ាក PORSCHE ម្នាក់ឯង​មកដល់​កន្លែង​ស្ងាត់ ចំណុច​ជិត​ស្ថានីយ​ចំរោះ​ទឹក នៅ​អូរ​ឈើទាល់​សង្កាត់​លេខ​៤ ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ បាន​បើករថយន្ដ Lexus ស្ទាក់​គៀរ ពេលនោះ​ជនរងគ្រោះ បាន​ឈប់​រថយន្ត​ដើម្បី​សួរនាំ ក៏ត្រូវ​ពួក​ជនល្មើស​យក​កាំភ្លើង​ភ្ជង់ ចាប់​ក្រៀក​ដាក់​ឡាន​សង្កត់​ក្បាល ចុះក្រោម ចងដៃ​ដោយ​ខ្សែរឹត (​ខ្សែ​ស៊ី​ល​) ហើយ​នាំខ្លួន​យកមក​បង្ខាំង​ទុក​នៅផ្ទះ​ជួល បុរី​BS អូរ​ទី​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​បន្តថា បន្ទាប់មក​ក្រុម​ជនសង្ស័យ​បាន​ទុក​គ្នា​ម្នាក់​ឲ្យ​យាម​ជនរងគ្រោះ រីឯ​គ្នា​២​នាក់​ទៀត បាន​បើកឡាន​របស់​ជនរងគ្រោះ​ម៉ាក PORSCHE យកទៅ​ផ្លុ​ង​ចោល​នៅ បេនឡាន​ចាស់ ជិត​កាំកុងត្រូល​។ ប្រមាណ​ជិត​២​ម៉ោង ក្រោយមក​ក្រុម​ជនសង្ស័យ​បាន​ទូរ​សព្ទ​ជំរិត ទារប្រាក់​ពី​ប្អូន​ជនរងគ្រោះ​ចំនួន​៨០​ម៉ឺន​ដុល្លារ​។​

​ជនសង្ស័យ​ដែល​កម្លាំង​នគរបាល​ជំនាញ បង្ក្រាបបាន​ទាំង​៣​នាក់​នោះ ទី​១៖​ឈ្មោះ ZHENG RONGMAO អាយុ​២៦​ឆ្នាំ​, ទី​២៖​ឈ្មោះ DAI HONGDA អាយុ​២៣​ឆ្នាំ និង​ទី​៣៖​ឈ្មោះ LIN JINPEI អាយុ​២៤​ឆ្នាំ​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​ដកហូត​បាន កាំភ្លើង​ខ្លីម៉ាក BERITA STOM ១​ដើម មាន​បង់​២ គ្រាប់​ចំនួន​១០​គ្រាប់​, កូន​កាំ​ប៊ិ​ត​មួយ​, ខ្សែ​ចងរឹត (​ស៊ី​ល​) ២​ដុំ​, ទូរស័ព្ទដៃ​៦​គ្រឿង និង​រថយន្ត​លុច​សីស RX300 ចំនួន​១​គ្រឿង និង​រថយន្ដ​ទំនើប​របស់​ជនរងគ្រោះ​។ ដោយឡែក​ជនរងគ្រោះ​ឈ្មោះ LI FUJIE ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ក៏បាន​សមត្ថកិច្ច​រំដោះ​បាន​ផងដែរ​។​

​លោកស្នងការ បញ្ជាក់ថា​ប្រសិនបើ​ក្រុម​នេះ​ធ្វើ​សកម្មភាព​បានសម្រេច ពួកគេ​នឹង​ហៅ​គ្នីគ្នា​មកពី​ប្រទេស​ចិន​បន្ថែមទៀត មកពី​ធ្វើ​សកម្មភាព​ចាប់ជំរិត​ក្រុម​អ្នករកស៊ី​ជា​ជន​ជាតិចិន​ដែលមាន​លុយ ប៉ុន្ដែ​ជា​អកុសល​ក៏ត្រូវ​កម្លាំង​នគរបាល​បង្ក្រាបបាន​ទាន់ពេល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានបញ្ជាក់​ទៀតថា ក្រុម​ជនសង្ស័យ​ទាំងនេះ មកពី​ប្រទេស​ចិន​បាន​ប្រើប្រាស់​លិខិតឆ្លងដែន ពីរ​ផ្សេងៗ​គ្នា លិខិត​ពិតប្រាកដ​សម្រាប់​ការធ្វើ​ទិដ្ឋាការ​ធ្វើដំណើរ លិខិត​ក្លែងក្លាយ​សម្រាប់​ការជួល​រថយន្ត និង​ជួល​ផ្ទះ ដើម្បី​ងាយ​ផ្លាស់ប្តូរ​អត្តសញ្ញាណ ទីតាំង​គេចខ្លួន​ក្រោយពេល​បែកការណ៍ ហើយ​ក្រុម​នេះ មក​ប្រទេស​កម្ពុជា​ដើម្បី​តាម​សម្គាល់​មើល​អ្នកវិនិយោគ​ចិន ដែលមាន​លុយ​ច្រើន ដោយបាន​កត់​លេខ​រថយន្ត​ចំនួន​៦​គ្រឿង មានបំណង​ចាប់ជំរិត ប៉ុន្តែ​ទើប​ប្រព្រឹត្ត​បាន​មួយ​លើក ក៏ត្រូវ​កម្លាំង​នគរបាល​បង្ក្រាប​បានតែ​ម្ដង​។​

​បច្ចុប្បន្ន​ក្រុម​ចាប់ជំរិត​ជា​ជនជាតិ​ចិន​ទាំង​៣​នាក់​នេះ កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាមច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×