Monday, December 6, 2021

អាវុធហត្ថ​បាន​ឃាត់ខ្លួន​យុវជន​ប្រុស​ស្រី​៤​នាក់ ដកហូត​ថ្នាំញៀន​ចំនួន​៤២​ថង់​

បន្ទាយមានជ័យ ៖ យុវជន​ប្រុស​ស្រី​ចំនួន​៤​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​សង្ស័យថា បាន​រក្សាទុក និង​ចែកចាយ​ថ្នាំញៀន​ដោយ​ខុសច្បាប់​ប្រព្រឹត្ត​នៅ​ចំណុច​ក្បាល​ស្ពានថ្ម​ព្រះ​ពន្លា ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៧​។​

​លោក​វរសេនីយ៍ ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា យុវជន​ប្រុស​ស្រី​ទាំង​បួន​នាក់ ខាងលើ គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ក្នុង​ក្រុង​សិរីសោភ័ណ ហើយ​មុខសញ្ញា​នេះ​ជា​មុខសញ្ញា​ចាស់​ខ្លះ​ធ្លាប់​ទាំង​ជាប់គុក និង​ជាប់​មណ្ឌល​កែ​ប្រែជា​ច្រើនដង​ផងដែរ​។ កម្លាំង​ជំនាញ​បានធ្វើ​ការតាមដាន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ទម្រាំ​ឈានដល់​ការឃាត់ខ្លួន​បាន​។​

​ជនសង្ស័យ​ទាំង​បួន​នាក់​មានឈ្មោះ ១-​ជា ណុ​ច ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ២-​ស៊ិ​ម ច្រិ​ប ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ ៣-​ឌុន សុ​បញ្ញា ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ និង​៤-​ប៉ក់ ស៊ីណា ហៅ ចិន អាយុ​៣២​ឆ្នាំ​។​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទឹកកក​សរុប​ចំនួន​៤២​កូន​ថង់ ស្មើនឹង​ទម្ងន់​១៨,៨៤​ក្រាម មេ​តំ​ហ្វ​តា​មីន​គ្រាប់​១៥៧​គ្រាប់ ទូរ​សព្ទ័​៤​គ្រឿង នាឡិកា​មួយគ្រឿង និង​ម៉ូតូ​ហុងដា​ទ្រី​ម​មួយគ្រឿង ៕