នាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Marrison បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងធ្វើការទទួលស្គាល់ទីក្រុងជេរូសាឡឹមភាគខាងលិច ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល ប៉ុន្តែលោកថ្លែងថា ស្ថានទូតអូស្រ្តាលីនឹងមិនធ្វើការផ្លាស់ប្តូរទៅកាន់ទីនោះទេ រហូតទាល់តែមានកិច្ចព្រមព្រៀងសន្តិភាពជាមុនសិន។
ជាមួយគ្នានេះដែរ លោក Scott Marrison ក៏បានទទួលស្កាល់សេចក្តីប្រាថ្នារបស់ប៉ាឡេស៊ីនដែរ ដែលចង់បង្កើតរដ្ឋក្នុងរដ្ឋធានីជេរូសាឡឹមភាគខាងកើត។
ស្ថានភាពរបស់ជេរូសាឡឹមគឺជាបញ្ហាដ៏ចំរូងចំរាស់មួយរវាងប្រទេសអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន។
ការប្រកាសទទួលស្គាល់ជេរូសាឡឹមខាងលិចជារបស់អ៊ីស្រាអ៊ែលនេះ បានកើតឡើងក្រោយពេលនាយករដ្ឋមន្រ្តីអូស្រ្តាលីបានធ្វើការពិភាក្សាជាមួយនឹងអ្នកនយោបាយក្នុងប្រទេស ព្រមទាំងសម្ព័ន្ធមិត្តក្រៅប្រទេស។
សូមបញ្ជាក់ថា កាលពីឆ្នាំមុន ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ទទួលរងការរិះគន់ពីអន្តរជាតិយ៉ាងខ្លាំង នៅពេលលោកបានធ្វើការក្រឡាស់គោលនយោបាយការបរទេសអាមេរិចដោយធ្វើការទទួលស្គាល់ទីក្រុងបុរាណជេរូសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល។ ស្ថានទូតអាមេរិច ក្នុងទីក្រុង Tel Avin នៃប្រទេសអ៊ីស្រាអ៊ែល និងធ្វើការផ្លាស់ប្តូរទៅកាន់រដ្ឋធានីជេរូសាឡឹម ក្នុងខែឧសភា ឆ្នាំ ២០១៩ខាមុខ៕ សុភ័ក្ត្រ
ប្រភព៖ BBC