ភ្នំពេញ៖សេចក្តីថ្លែងការណ៍លោកបណ្ឌិត MIRCEA CONSTANTINESCU ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ដោយបានបញ្ជាក់ជាប្រវត្តិសាស្ត្រ ជាថ្ងៃដែលសភាទេសចរណ៍អឺរ៉ុប បានដាក់បញ្ចូលឈ្មោះរាជធានីគំរូមួយទៀត ទៅក្នុងបញ្ជីរាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក។
ក្នុងន័យនេះ លោកបណ្ឌិត MIRCEA CONSTANTINESCU បានថ្លែងអំណរគុណ ចំពោះការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញនូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ និងធានាឲ្យបានថារាជធានីភ្នំពេញនឹងនៅបន្តជាកន្លែងសម្រាប់ការអភិវឌ្ឍ ភាពច្នៃប្រឌិត បន្តជំរុញសហគ្រាសសេរីមកធ្វើការវិនិយោគ និងការផ្តួចផ្តើម និងការរួមបញ្ចូល សម្រាប់ផ្តល់ឲ្យអ្នកទាំងអស់គ្នា មកកាន់ទីក្រុង ដ៏ស្រស់ស្អាតមួយនេះ។
ការបញ្ចូលរាជធានីភ្នំពេញជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក យើងទទួលស្គាល់ថាវប្បធម៌ និងប្រវត្តិសាស្ត្រមិនគ្រាន់តែជាប្រភពធនធានប៉ុណ្ណោះទេ តែជាកត្តាសេដ្ឋកិច្ចនិងការអភិវឌ្ឍ ដែលដើរតួជាចលករ ជួយប្រទេសនានាក្នុងការអភិវឌ្ឍ និងបង្កើតខ្លួនឯងតាមវិធីផ្សេងៗច្រើនជាងតម្លៃសេដ្ឋកិច្ច។
ការចុះបញ្ជីរាជធានីភ្នំពេញជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក យើងបានយកចេញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន និងសមិទ្ធផលមិនគួរឲ្យជឿនៃរយៈពេល៣០ឆ្នាំ ចុងក្រោយ ក្នុងកម្មវិធីការពារវប្បធម៌ និងបេតិកភណ្ឌ ការធានាការអភិរក្ស អភិវឌ្ឍន៍ និងការលើកកម្ពស់សាសនា ប្រពៃណី និងទំនៀមទម្លាប់ផ្សេងៗទៀត។
ក្នុងសុន្ទរកថា ចំនួន៤ទំព័រ លោកប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានបន្ថែមទៀតថា បច្ចុប្បន្ន រាជធានីភ្នំពេញកំពុងបង្ហាញនូវកិត្តិស័ព្ទ និងលក្ខណៈពិសេសរបស់ខ្លួនតាមរយៈ ទេសភាពនៃវប្បធម៌ ប្រកបដោយភាពចម្រុះគ្នា ដែលមានលាយឡំដោយធនធានធម្មជាតិ និងវប្បធម៌សំបូរបែប។ តំបន់ទាំងនោះត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់ លើទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិក្នុងរយៈពេលដ៏យូរអង្វែង ហើយផ្សារភ្ជាប់ទៅនឹងវប្បធម៌ ដែលអាចផ្តល់នូវរបៀបរស់នៅបែបប្រពៃណី វប្បធម៌ និងធម្មជាតិដែលមានទំនាក់ទំនងគ្នាយ៉ាងជ្រាលជ្រៅ។ រាជធានីភ្នំពេញ គឺជាតំបន់ដ៏វិសេសវិសាលមួយដែលរួមបញ្ចូលនូវបរិបទធម្មជាតិ ដែលជាចំំណុចប្រសព្វនៃទន្លេទាំងបី គឺទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដែលជាទន្លេតែមួយគត់លើពិភពលោកដែលហូរឡើងទៅលើ (ហូរបញ្ច្រាស) រយៈពេល៦ខែក្នុងមួយឆ្នាំ។
ទេសភាពធម្មជាតិដ៏ល្អឥតខ្ចោះនេះបានក្លាយទៅជាទីកន្លែងវប្បធម៌ដ៏មានភាពសម្បូរបែបមួយ ដែលរួមបញ្ចូលទាំងសាសនា និងកេរ្តិ៍ដំណែលបេតិកភណ្ឌជាតិដូចជា វត្តឧណ្ណាលោម ដែលជាទីសក្ការៈបូជា (កសាងឡើងនៅអំឡុងឆ្នាំ១៤៤៣) សម្រាប់ឧទ្ទិសបូជាដល់ព្រះពុទ្ធសាសនា ហើយចាត់ទុកជាទីអាសនៈនៃព្រះពុទ្ធសាសនា កម្ពុជា នឹងបានប្រារព្ធពិធីបុណ្យជារៀងរាល់ឆ្នាំអស់រយៈពេល៥៧៥ឆ្នាំមកហើយ ហើយពុំដែលអាន់ខានសកម្មភាពប្រារព្ធពិធីបុណ្យម្តងណានោះទេ។
ទីប្រវត្តិសាស្ត្រដ៏ល្បីល្បាញឈ្មោះមួយទៀត គឺវត្តភ្នំ ដែលបានកសាងឡើងនៅឆ្នាំ១៣៧២ ហើយបានជួសជុលនិងរៀបចំឡើងវិញក្នុងឆ្នាំ១៤៣៤ ឆ្នាំ១៨០៦ និងឆ្នាំ១៩២៦ ហើយបានក្លាយជានិមិត្តរូបនៃរាជធានីភ្នំពេញ និងត្រូវបានប្រើជាទីអធិដ្ឋាន តង្វាយតូចៗ និងទីសមាធិជាដើម។ វត្តភ្នំ ជាទីកន្លែង ដែលមានទំនាក់ទំនងនឹងរឿងព្រេងនិទាននៃជីដូនឈ្មោះពេញ និងស្ថិតក្នុងសតវត្សរ៍ទី១៥ ក្នុងរាជ្យព្រះបាទពញាយ៉ាត ដែលបានកសាងរាជធានីនេះឡើយក្នុងទីក្រុងភ្នំពេញ ទុកជាទីកន្លែងកម្កល់សពរបស់ព្រះអង្គ។ វត្តភ្នំ ត្រូវបានផ្លាស់ប្តូរក្នុងរយៈពេល៧០០ឆ្នាំចុងក្រោយ ដែលមានរូបសំណាក ព្រះពុទ្ធសាសនានៃសម័យអង្គរ និងក៏ជារាជបល្ល័ង្កដែលធ្វើជាស្តូបដើម្បីទុកបូជានៃគ្រួសាររាជវង្ស។
កន្លែងគោរពបូជា និងទីតាំងវប្បធម៌ដទៃទៀត ដូចជាវត្តលង្កា ដែលត្រូវបានគេស្គាល់ថា ជាវត្តចំណាស់មួយ ក្នុងចំណោមវត្តចំណាស់ទាំង៥ ក្នុងរាជធានីភ្នំពេញ (កសាងឡើងក្នុងឆ្នាំ១៤២២ )។ វត្តលង្កា កសាងឡើងទុកជាទីកន្លែងសម្រាប់ជួបជុំគ្នា សម្រាប់ព្រះសង្ឃកម្ពុជា និងព្រះសង្ឃស្រីលង្កា។ វត្តនេះត្រូវបានគេដាក់ឈ្មោះតំណាងនៃកិច្ចជំនួបនេះ។
វត្តបទុមវតី ជាអគារសាសនាចាស់បំផុតមួយដែលនៅតែជាទីគោរពបូជាចាប់តាំងពីឆ្នាំ១៤២២ មកម្ល៉េះ និងជាបរិវេណដែលមានចេតិយចម្រុះពណ៌រួមទាំងប្រាសាទពុទ្ធបដិមា។
វត្តកោះ គឺជាវត្តចំណាស់មួយក្នុងចំណផមវត្តចំណាស់ទាំង៥ ត្រូវបានកសាងឡើងនៅដើមសតវត្សរ៍ទី១៥ ចំណែកវត្តនាគវ័ន ស្ថិតនៅក្នុងទិដ្ឋភាពដ៏ស្រស់ស្អាតនៃបឹងកក់។
រាជធានីភ្នំពេញមិនមែនត្រឹមតែជាកន្លែង ដែលមានវប្បធម៌ និងសាសនាសម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលទេសចរណ៍ផងដែរ មានដូចជា ផ្សារទួលទំពូង ផ្សារចាស់ ផ្សារកណ្តាល ផ្សាររាត្រី និងបណ្តុំផ្សារបុរាណជាច្រើនទៀត ដែលមានការដាក់តាំងនូវស្នាដៃសិល្បៈជាង៥០០០ស្នាដៃ ដោយស្នាដៃមានចាប់ពីសតវត្សរ៍ទី៧ដល់សតវត្សរ៍ទី១៣ ។ រតនសម្បត្តិទាំងនោះ រួមមានរូបចម្លាក់ សម្លៀកបំពាក់របាំក្នុងសតវត្សរ៍ទី១៩ រទេះគោ និងគ្រែស្នែងជាដើម។
លោកបានថ្លែងបន្តថា”ខ្ញុំកត់សម្គាល់ឃើញថា សក្តានុពលវប្បធម៌ដែលមិនគួរឲ្យជឿថាមាននៅក្នុងរាជធានីភ្នំពេ
ញ គឺសារមន្ទីរជាតិនៃប្រទេសកម្ពុជា ត្រូវបានគេបោះឆ្នោតជា សារមន្ទីរដែលពេញនិយមជាងគេលើពិភពលោក (WORLD’S FAVORITE MUSEUM) ក្នុងនោះមានវត្ថុមានតម្លៃសរុបប្រមាណជាង ១៤០០០វត្ថុបុរាណ ដែលត្រូបានបង្ហាញដល់ភ្ញៀវទេសចរ រួមនឹងសារវប្បធម៌ផងដែរ។
រាជធានភ្នំពេញ ជាកន្លែងដែលមានការប្រារព្ធពិធីធំៗជាច្រើន ដូចជាបុណ្យអុំទូកសំពះព្រះខែ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យពុទ្ធបូជា និងពិសាខបូជាជាដើម។ រាជធានីភ្នំពេញ ជារាជធានីមួយ ដែលផ្តល់នូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់ទៅដល់ភ្ញៀវទេសចរ ហើយវាជាច្រកពិសេសមួយផ្សារភ្ជាប់ទៅកាន់អាស៊ី និងជាទីកន្លែងរតនពិសិដ្ឋមួយផ្តល់តម្លៃដល់វប្បធម៌ផងដែរ។
គំនិតផ្តួចផ្តើមនេះកំពុងបង្កើតឲ្យលេចចេញរូបភាពនៃការស្វាគមន៍ ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងជារូបភាពមួយដែលបង្ហាញថា រាជធានីភ្នំពេញសក្តិសមនឹងទទួលបាន។ យើងអាចនិយាយបានថា ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប បានប្រឈមនឹងការសាកសួរសំណួរដ៏ងាយស្រួលមួយដែរថា តើវាគឺជា ឬមិនមែនជារាជធានីភ្នំពេញ ដែលទទួលបានរង្វាន់រាជធានីនៃវប្បធម៌និងទេសចរណ៍ពិភពលោក? ចម្លើយដ៏វិជ្ជមានមួយ គឺបានចងចាំយ៉ាងច្បាស់អំពីប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃរាជធានីភ្នំពេញ ដែលជាសក្តានុពលវប្បធម៌និងបេតិកភណ្ឌដ៏ធំមួយរបស់រាជធានីភ្នំពេញ និងផែនការដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានឆ្លុះបញ្ចាំងពីអនាគត ដ៏ល្អប្រសើរសម្រាប់ប្រជាជន និងសម្រាប់អ្នកដែលមកកម្សាន្យក្នុងរាជធានីភ្នំពេញ ទីក្រុងដ៏អស្ចារ្យ ជាទីក្រុងគជ់ ជាអំណោយរបស់កម្ពុជា ទៅកាន់ពិភពលោកទាំងមូល។
ចំណែកលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាល និងរៀបចំពិធីលៀងសាយភោជន៍ជាកិត្តិយសជូនប្រតិភូក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបនាល្ងាចថ្ងៃទី៩ ខែធ្នូឆ្នាំ២០១៧ ក្នុងឱកាសដែលប្រតិភូអញ្ជើញមកចូលរួមពិធីផ្តល់កិត្តិយសជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និង ជយ័លាភីរាជធានីភ្នំពេញជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក។
ក្នុងឱកាសលៀងសាយភោជន៍នោះលោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាគា ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបបានបង្ហាញទស្សនៈថា៖”ខ្ញុំមានមោទនៈភាព និងស្រឡាញ់ភ្នំពេញ។ក្នុងនាមជាទីក្រុងនៃវប្បធម៌ និងទេសចរណ៍ពិភពលោក រាជធានីភ្នំពេញនឹងនាំមកឲ្យប្រជាជនកម្ពុជានូវការរីកចម្រើន។ ក្នុងនោះ លោកក៏បានអបអរសាទរចំពោះរាជធានីភ្នំពេញដែលទទួលបានកិត្តិយសនេះដែលមានតម្លៃជាសាកលសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សជាតិទាំងមូល”។
លោកសាស្ត្រាចារ្យអានតុន ការ៉ាគា ថ្លែងថា៖យើងកំពុងជួបជុំគ្នានៅថ្ងៃនេះសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការតែងតាំងជា៖ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោហ៊ុន សែន គឺជាកូនប្រុសនៃប្រវត្តិសាស្ត្រដ៏មានមោទនភាព ហើយក្នុងកិច្ចពិភាក្សាដ៏យូជាមួយសម្តេច ខ្ញុំតែងតែកោតសរសើរចំពោះចំណាប់អារម្មណ៍ និងបំណងប្រាថ្នារបស់សម្តេចក្នុងការថែរក្សាប្រពៃណីវប្បធម៌បុរាណ និងការការពារតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជា។
លោកអានតុន ការ៉ាគា បញ្ជាក់ថា៖ឥឡូវនេះយើង បានប្រគល់ជូនសម្តេចជាមួយកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជាសំឡេងរបស់យើង ជាតំណាងនៃសេចក្តីប្រាថ្នារបស់មនុស្សជាតិនៃពិភពលោកដ៏ល្អប្រសើរមួយដើម្បីជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក ជាអ្នកដឹកនាំ និងជាអ្នកបង្កើតគោលនយោបាយចក្ខុវិស័យរបស់យើង។
ថ្លែងនាឱកាសនោះក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើសុំកិច្ចសហការគាំទ្រ ផ្នែកបច្ចេកទេសពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មពិភពលោក ដើម្បីរៀបចំផែនការមេ អភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ និងតំបន់ជុំវិញអមជាមួយការផ្សព្វផ្សាយរាជធានីភ្នំពេញ ទៅកាន់ទីផ្សារទេសចរណ៍អឺរ៉ុប និងពិភពលោកឲ្យកាន់តែខ្លាំងក្លាថែមទៀត៕ ដោយ៖កូឡាប