កោះកុង ៖ ពិធីបុណ្យមានភ្ញៀវទេសចរ ចូលរួមទស្សនាប្រមាណជិត៣០ម៉ឺននាក់ ជាមួយនឹងការរៀបចំនូវ ព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ជាច្រើនដូចជា ពិព័រណ៍ផលិតផលក្នុងស្រុក ពិព័រណ៍ម្ហូបអាហារ និងផលិតផលបរទេស ការសម្តែងសិល្បៈបុរាណ និងសម័យ របស់សិល្បករជាតិ និងអន្តរជាតិ សកម្មភាពកីឡា ក្បួនព្យុហយាត្រា និងការកម្សាន្តសប្បាយជាច្រើនទៀត។
ដោយឡែក ដើម្បីសម្រួលដល់ការស្នាក់នៅ របស់ភ្ញៀវទេសចរជាតិ ដែលមកកម្សាន្ត ក្នុងពិធីបុណ្យ ក្រសួងទេសចរណ៍ បានសហការជាមួយ និងអាជ្ញាធរមូលដ្ឋាន ធ្វើការសម្រួលឲ្យភ្ញៀវទេសចរ បានទៅស្នាក់នៅក្នុងប្រទេសថៃ ប្រមាណជាជាង ១.៥០០ នាក់។
បើតាមការផ្សាយរបស់វេបសាយក្រសួងទេសចរណ៍ បានប្រាប់ឲ្យដឹងថា តាមការវាយតម្លៃបឋម ក្នុងពិធីបុណ្យសមុទ្រថ្ងៃទី៣ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាប្រមាណ ៩ម៉ឺននាក់។ “នៅរាត្រីទី៣ នេះ ដែលជាថ្ងៃបង្ហើយនែពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ នៅខេត្តកោះកុង មានប្រជាពលរដ្ឋ ចូលរួមទស្សនា ប្រមាណ ៩ ម៉ឺននាក់ (តាមការវាយតម្លៃបឋម) ក្រោយការសំដែងសិល្បៈ បរទេស នៃ ប្រទេសទាំង៤ ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ វៀតណាម និង ខេត្តទាំង ៤ ជាប់ឆ្នេរ ចាប៉ីដងវៃង ។ល។ ហើយក៏មានការរៀបចំកម្សាន្តយ៉ាងសប្បាយរីករាយពោរពេញ ដោយស្មារតីសាមគ្គីភាព មិត្តភាព ស្និទ្ធស្នាលបំផុត រវាង ប្រជាជន និងមិត្តភក្តិ បរទេសទាំងអស់”។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង ដែលមានរយៈពេលបីថ្ងៃនោះ (ថ្ងៃទី១៤-១៥-១៦) នឹងត្រូវបញ្ចប់នៅយប់ថ្ងៃទី១៦ ខែធ្នូនេះហើយ សូមប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយ ចូលរួមទស្សនា ប្រកបដោយភាពសប្បាយរីករាយ ពិសេសក៏សូមត្រៀមខ្លួន ចូលរួមទស្សនា ក្នុងពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត នាឆ្នាំក្រោយទៀត៕ ដោយ ៖ បញ្ញាស័ក្តិ