ប្រទេសផ្តាច់ការកូរ៉េខាងជើងបានធ្វើការថ្កោលទោសអាមេរិច បន្ទាប់ពីមហាអំណាចយោធាពិភពលលោកនេះបានធ្វើ ការដាក់ ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់របស់ខ្លួន។ កូរ៉េខាងជើងលើកឡើងថា ទណ្ឌកម្មនោះអាចនឹងរារាំងផ្លូវទៅកាន់ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េជារៀងរហូត។
កាលពីពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងចំនួន ៣រូបដោយរបាយការណ៍បញ្ជាក់ថាពួកគេពាក់ពាន់នឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
នៅក្នុងសេចក្តីប្រកាស កូរ៉េខាងជើងសំដែងកំហឹងចំពោះទណ្ឌកម្មថ្មីទៀតរបស់អាមេរិច និងបានចោទប្រកាន់អាមេរិចថា កំពុងធ្វើអោយស្ថានភាពត្រឡប់ទៅដូចកាលពីឆ្នាំមុន ដោយពរពេញទៅដោយការវាយប្រហារគ្នាតាមរយៈពាក្យសម្តី។
ចំពោះទណ្ឌកម្ម អាមេរិចបាននិយាយថានឹងធ្វើការរឹបអូសទ្រព្យសម្បត្តិរបស់មន្ត្រីដៃស្តាំរបស់គីម ជុងអ៊ុន ឈ្មោះ Choe Ryong-hae និងមន្ត្រីជាន់ខ្ពស់ ២នាក់ទៀតរួមមាន រដ្ឋមន្ត្រីសន្តិសុខ Jong Kyong-thaek និងមន្ត្រីឃោសនា Pak Kwang-ho។
សូមបញ្ជាក់ថា ជំនួបកំពូលលើកទី ២រវាងមេដឹកនាំអាមេរិច និងកូរ៉េខាងជើងអាចនឹងកើតឡើងក្នុងឆ្នាំ ២០១៩ ប៉ុន្តែលោកដូណាល់ ត្រាំធ្លាប់បានបញ្ជាក់រួចហើយថា គាត់មិនប្រញាប់ប្រញាល់ពេកនោះទេ៕ សុភ័ក្ត្រ
ប្រភព៖ BBC