ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ អន្តរក្រសួង ធ្វើសន្និសីទសារព័ត៌មាន ក្រោយដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់វិមាន ឈ្នះឈ្នះ។ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលកម្មវិធីនេះ នៅសល់តែ១២ថ្ងៃទៀត នឹងត្រូវប្រារព្ធពិធីសម្ពោធជាផ្លូវការ។
សម្ដេចពិជ័យសេនា បានថ្លែងថា សំណង់វិមានឈ្នះ ឈ្នះ នេះបានចាប់ ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងទំហំដី៨ ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមាននេះ តំណាងឲ្យវីរភាពរបស់សមមិត្ត ហ៊ុន សែន ដែលហ៊ានប្រថុយជីវិត ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
មួយវិញទៀត ការសាង សង់វិមាន ឈ្នះ ឈ្នះ នេះ ដើម្បីរំលឹកដល់គុណូបការៈ របស់បុព្វ បុរសខ្មែរ គ្រប់សម័យកាលដែល បានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ហើយរួមទាំងជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក និងក៏ចាត់ទុក ជាកេរមរតកសម្រាប់កូនចៅជំ នាន់ក្រោយផងដែរ។
សម្ដេចពិជ័យសេនា បានពិនិត្យលើការងារគ្រប់ផ្នែក ដែលត្រូវជំរុញឲ្យការប្រារព្ធពិធីដំណើរ ទៅបានរលូន ទាំងផ្នែកអាងទឹក រូបចម្លាក់ សំណង់ជាដើម ព្រោះការប្រារព្ធពិធីកាន់តែគៀកថ្ងៃហើយ ដូច្នេះបើទោះបីជាមមាញឹកយ៉ាងណា សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ឆ្លៀតចុះទៅតាមដាន និងសិក្សាហេដ្ឋារចនាសម្ព័ន្ធទាំងខាងក្រៅ ខាងក្នុង ដែលប្រមូលផ្ដុំផ្ដោតទៅលើខ្លឹមសារសំខាន់ៗ ដែលត្រូវបង្ហាញ និងបញ្ជាក់ជូនសាធារណជន នៅក្នុងឱកាសប្រារព្ធ ពិធី អបអរសាទរខួបលើកទី២០ នៃនយោបាយឈ្នះឈ្នះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ទៅកាន់ក្រុមការងារបច្ចេកទេសថា ដើម្បីពន្លឿនការងារឲ្យរួចរាល់តាមពេលកំណត់ គឺក្រុមការងារនឹងត្រូវធ្វើការទាំងថ្ងៃទាំងយប់ឲ្យបានរួចរាល់តាមការកំណត់ ជាពិសេសសកម្មភាពការងារទៅតាមផ្នែកនីមួយៗយ៉ាងល្អិតល្អន់ ដូចជាការរៀបចំផែនឈរ រៀបចំស្តង់តាំងពិព័រណ៍ទំនិញផ្សេងៗ ការរៀបចំបាញ់កាំជ្រួច ព្រមទាំងបានឆ្លង ស្ពតសំរាប់ផ្សព្វផ្សាយតាមទូរទស្សន៍ ផ្ទាំងផ្សព្វផ្សាយផ្សេងៗ ដើម្បីអោយមហាជន បានមកចូលរួមឲ្យបានច្រើនក្នុងពិធីសម្ពោធនេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកការប្រារព្ធពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងអបអរសាទរខួប២០ឆ្នាំ នៃទិវានយោបាយឈ្នះឈ្នះនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដ៏ធំក្នុងប្រទេសកម្ពុជា ដែលពុំធ្លាប់មានពីមុនមក ជាពិសេសការរៀបចំបាញ់កាំជ្រួចនៅវិមានឈ្នះ-ឈ្នះ នាយប់រយៈពេល៣ថ្ងៃ ឆ្លងឆ្នាំសាកល ក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏ធំដែលពុំធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចពិជ័យសេនាបានបញ្ជាក់ថា ការសាងសង់វិមានឈ្នះឈ្នះ គឺបានកសាងឡើងដោយស្នាដៃកូនខ្មែរទាំងអស់។
សម្ដេចពិជ័យសេនាបានសំណូមពរ ឱ្យអនុគណៈកម្មការនីមួយៗ ត្រូវបន្តការសហការគ្នា ដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំពិធីសម្ភោធវិមានឈ្នះឈ្នះ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ ទិវានយោបាយឈ្នះឈ្នះ ប្រព្រឹត្តទៅទទួលបានជោគជ័យ ដើម្បីអបអរសន្តិភាព និងសមិទ្ធផល ដែលព្រះជាណាចក្រកម្ពុជា យើងទទួលបានក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ៕ ដោយ ៖ បញ្ញាស័ក្តិ