ភ្នំពេញ ៖ រដ្ឋសភាប្រទេសបារាំង បានកំពុងពង្រឹងពង្រីកចំណងវិស័យការទូតសភា ជាមួយរដ្ឋសភាប្រទេសកម្ពុជា។ ក្នុងបេសកកម្មនេះ លោក ស៊ីលវ៉ាំង វ៉ាសឺម៉ង់ (Sylvain WASSERMAN) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង បានកំពុងដឹកនាំ គណៈប្រតិភូ មកបំពេញទស្សនកិច្ច នៅកម្ពុជា ហើយនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោក បានជួបសម្តែងការគួរសម ជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនងការទូតកម្ពុជា-បារាំង បានកកើតឡើងតាំងពីឆ្នាំ១៩៥២។ បារាំងជាប្រទេសដែលផ្តល់ជំនួយសំខាន់មួយ ដល់កម្ពុជា ពិសេសបារាំងបានដើរតួនាទី យ៉ាងសកម្ម នៅក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជា រហូតបង្កើត បានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសឆ្នាំ១៩៩១។ សម្តេចបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជា-បារាំងបានផ្លាស់ប្តូរដំណើរទស្សនកិច្ច ពីគ្នាទៅវិញ ទៅមកទាំងក្នុងក្របខ័ណ្ឌ នីតិប្រតិបត្តិ និងនីតិប្បញ្ញតិ។
លោក ស៊ីលវ៉ាំង វ៉ាសឺម៉ង់ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងឱកាសនេះ ក្នុងគោលបំណងពង្រឹងពង្រីក វិស័យការទូតសភា ជាមួយកម្ពុជា។ លោក បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រទេសកម្ពុជា-បារាំង។ ជាចំណងមិត្តភាពជិតស្និទ្ធ ជឿជាក់ និងបើកចំហរ។ តាមរយៈចំណងមិត្តភាពដ៏ល្អនេះ បានជំរុញឲ្យមានគម្រោង និងជំនួយជាច្រើន របស់បារាំងមកកាន់កម្ពុជា។
លោកអនុប្រធានរដ្ឋសភាបារាំង បានវាយតម្លៃខ្ពស់ ពីកិច្ចសហប្រតិបត្តិការ ផ្នែកវប្បធម៌នៃប្រទេសទាំងពីរ។ នៅកម្ពុជា មានពលរដ្ឋ និងមន្ត្រីរាជការជាច្រើន នៅតែប្រើប្រាស់ភាសាបារាំង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងផងដែរ ពីការគាំទ្រគ្នាទៅវិញទៅមក រវាងសភាប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេរភាគី និងពហុភាគី។ ចំណែកទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម រវាងប្រទេស ទាំងពីរវិញ សម្តេចបានលើកឡើងថា មានការរីកចម្រើនជាលំដាប់ ពោលគឺទំហំទឹកប្រាក់វិនិយោគ បានកើនដល់ជាង ១ពាន់លានដុល្លារ។ កម្ពុជាបាននាំចេញអង្ករច្រើន ក្នុងលំដាប់ទី២ ទៅកាន់ប្រទេសបារាំង គឺប្រមាណជិត ៨ម៉ឺនតោន។
សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់អនុប្រធានរដ្ឋសភាប្រទេសបារាំង ជួយគាំទ្រនិងជំរុញ អ្នកវិនិយោគ អ្នកទេសចរបារាំង មកវិនិយោគ និងទស្សនាកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត។ តាមរយៈប្រធានគណៈប្រតិភូ សម្តេច បានគោរពអញ្ជើញ លោកប្រធានរដ្ឋសភាបារាំង មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្របណាមួយ នាពេលខាងមុខនេះ។
ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លម្អិត រវាងរដ្ឋសភាប្រទេសទាំងពីរ សម្តេចប្រធានរដ្ឋសភា បានស្នើដល់គណៈប្រតិភូ ជួបពិភាក្សាជាមួយលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-បារាំង។ ជំនួបពិភាក្សាការងាររវាងលោក ឈាង វុន និងគណៈប្រភូ បានធ្វើឡើងបន្ទាប់ពីសវនាការជាមួយសម្តេចបានបញ្ចប់៕ ដោយ៖កូឡាប