ស្ទឹងត្រែង ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុងពិធិសម្ពោធបើកអោយប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃទៀតទេ(ឆ្នាំ២០១៩) តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ ទៅតាមប្រភេទនៃការប្រេីប្រាស់នីមួយៗ។
ការបញ្ជុះថ្លៃមាន៦ប្រភេទដូចខាងក្រោម៖ – ប្រភេទទី១ ការទិញតាមចរន្តតុងស្យុងខ្ពស់ បច្ចុប្បន្ននេះគឺតម្លៃ 0,1240$/Kwh(៥០៣៛) និងចុះនៅត្រឹម 0,1170$/Kwh(៤៧០៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ / អ្នកទិញតាមចរន្តតង់ស្យុងមធ្យម អនុស្ថានីយ័នៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះតម្លៃ 0,1475$/Kwh(៥៩៨៛) និងចុះទៅដល់ 0,1350$/Kwh(៥៤៧៛) នៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២០ 0,1330$/Kwh(៥៣៩៛) / អ្នកទិញតាមចរន្តតង់ស្យុងមធ្យមតាមខេត្តដែលតម្លៃបច្ចុប្បន្នគឺ 0,1260$/Kwh(៥១១៛) ដែលនឹងចុះដល់ 0,1220$/Kwh(៤៩៥៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ តម្លៃរក្សាដដែល។
– ប្រភេទទី២ ប្រភេទប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ ដែលបច្ចុប្បន្នគឺតម្លៃ 0,1650$/Kwh(៦៧៦៛) នៅក្នុងរាជធានីភ្នំពេញ និង 0,1640$/Kwh(៦៧២៛) នៅតាមខេត្ត ដែលនឹងបញ្ចុះតម្លៃ ចុះ 0,1470$/Kwh(៥៩៥៛) ឆ្នាំ២០១៩ និង 0,1460$/Kwh(៥៩២៛) ឆ្នាំ២០២០។
– ប្រភេទទី៣ គឺប្រើប្រាស់ក្នុងពាណិជ្ជកម្ម និងរដ្ឋបាល ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ តម្លៃបច្ចុប្បន្នគឺ 0,1650$/Kwh(៦៧៦៛) នៅទីក្រុងភ្នំពេញ 0,1640$/Kwh(៦៧២៛)នៅតាមបណ្ដាខេត្ត ដែលនឹងចុះនៅត្រឹម០0,1590$/Kwh(៦៤៥៛) នៅឆ្នាំ២០១៩ និងបន្តចុះនៅត្រឹម0,1580$/Kwh(៦៤០៛)នៅឆ្នាំ២០២០ ។
– ប្រភេទ៤ ប្រភេទប្រើប្រាស់តាមលំនៅស្ថាន ១ដល់១០Kwhក្នុង១ខែ ដែលការប្រើប្រាស់បច្ចុប្បន្នភ្នំពេញគឺ៦១០៛/Kwh និងតាមខេត្ត៤៨០៛/Kwh ដែលនឹងចុះនៅត្រឹម៣៨០៛/Kwh នៅឆ្នាំ២០១៩ និង ២០២០ /ការប្រើប្រាស់ចាប់ពី ១១ដល់៥០Kwh ដែលការប្រើប្រាស់បច្ចុប្បន្នគឺ ៦១០៛/Kwh នឹងចុះនៅត្រឹម៤៨០៛/Kwh នៅឆ្នាំ២០១៩ ២០២០ / ការប្រើប្រាស់ចាប់ពី ៥១Kwh ដល់ ២០០Kwhក្នុង១ខែ ដែលពេលនេះ នៅភ្នំពេញគឺ ៧៧០៛/Kwh តាមបណ្ដាខេត្ត៧២០៛/Kwh នឹងចុះនៅត្រឹម៦១០៛/Kwh នៅឆ្នាំ២០១៩ ២០២០ /លំនៅដ្ឋានដែលប្រើប្រាស់លើសពី ២០០Kwhក្នុង១ខែ ដែលបច្ចុប្បន្នតម្លៃគឺ ៧៧០៛/Kwh នៅក្រុងភ្នំពេញ និង ៧៥០៛/Kwhនៅតាមខេត្ត ដែលនឹងចុះថ្លៃនៅត្រឹម ៧៤០៛/Kwh នៅឆ្នាំ២០១៩ និង៧៣០៛/Kwh នៅឆ្នាំ២០២០ ។
– ប្រភេទទី៥ ការបូមទឹកក្នុងវិស័យកសិកម្ម ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ត្រូវបង់៤៨០៛/Kwh នៅបន្ត ៤៨០៛Kwh ដដែល ។
– ប្រភេទទី៦ ការប្រើប្រាស់នៅតាម សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព តម្លៃកំពុងប្រើប្រាស់បច្ចុប្បន្នគឺ ៧៧០៛/Kwh នឹងចុះនៅត្រឹម ៦១០៛/Kwh នៅឆ្នាំ២០១៩ ២០២០។
ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ បានធ្វើអោយកម្ពុជាទទួលបាននូវសមិទ្ធិផលថ្មីៗ ធំៗជាបន្តបន្ទាប់ ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
នៅព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ដែលជាវារីអគ្គិសនីផ្តល់ថាមពលអនុភាព 400មេហ្គាវ៉ាត់ ខ្ពស់ជាងគេនៅកម្ពុជា។
វារីអគ្គិសនីនេះ វិនិយោគរួមគ្នារវាងរវាងក្រុមហ៊ុនចំនួនបី រួមមានក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់ខ្មែរ ដាក់ទុន៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន ៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង៤០ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។
បន្ទាប់របាយការណ៍របស់រដ្ឋមន្ត្រីរ៉ែ និងថាមពល និងភាគីក្រុមហ៊ុនប្រទេសចិន រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងខ្លឹមសារថា សម្តេចពិតជារីកណាស់ថ្ងៃនេះ បានមកជួបបងប្អូនប្រជាពលរដ្ឋនៅទីនេះសារជាថ្មី បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់, ពិធីបិទទ្វាទឹកទំនប់, និងពិធីសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ សម្តេចបានបញ្ចាក់ថា នេះជាវារីអគ្គសនីទី៧ ដែលសម្តេចបានចូលរួមទាំងបើកការដ្ឋាន, បិទទំនប់, និងពិធីសម្ពោធដាក់អោយប្រើប្រាស់។
សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះការវិយោគគម្រោងវារីអគ្គសនីនេះ ដែលមានការចូលរួមពីបីប្រទេស ហើយគម្រោងនៃការសាងសង់នេះមិនមែនដោយប្រថុយប្រថានឡើយ គឺយើងបានគិតគូរយ៉ាងម៉ាត់ចត់ និងច្បាស់លាស់ យើងបានគិតពីការសាងសាងនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវធ្វើដំណើរ និងដោះស្រាយផលប៉ះពាល់ផ្សេងៗមួយចំនួនទៀត។ នេះជាគម្រោងមួយស្ថិតនៅក្នុផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការអភិវឌ្ឍធនធានមនុស្ស, ផ្លូវ , ទឹក និងភ្លើង ដែលជាអាទិភាពដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈវារីអគ្គសនីនេះ មិនត្រឹមតែផ្គត់ផ្គង់តែក្នុងខេត្តស្ទឹងត្រែងប៉ុណ្ណោះនោះទេ គឺអាចផ្គត់ផ្គង់ទៅតាមបណ្តាខេត្តមួយចំនួនទៀតដូចជាខេត្តព្រះវិហារ , រតនគិរី ។ល។
ទន្ទឹមនឹងការទទួលបាននូវប្រភពអគ្គិសនីនាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍រំលឹកពីអតីតកាលរបស់ប្រទេសកម្ពុជា ដែលក្រោយពីយើងងើបពីសង្គ្រាមមក គឺយើងមិនមានអគ្គិសនីប្រើប្រាស់នោះទេ គឺនៅប្រើចង្កៀងប្រេងកាត, ចង្កៀងមាំងសុង, ដុតជ័រ និងចន្លុះខ្លាញ់ត្រីជាដើម ប៉ុន្តែក្រោយពីប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពគឺយើងចាប់ផ្តើមមានអគ្គិសនីប្រើប្រាស់ជាបន្តបន្ទាប់។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា កម្ពុជាត្រូវតែជំរុញការអភិវឌ្ឍវិស័យអគ្គិសនីនេះបន្ថែមទៀត ពីព្រោះបច្ចប្បន្ននេះ កម្ពុជាមានតម្រូវការអគ្គិសនីកាន់តែច្រើន ដូចជាក្នុងវិស័យឧស្សាហកម្ម, កសិឧស្សាហកម្មសេវាកម្ម, និងផ្គត់ផ្គង់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមទីជនបទ។ ដូច្នេះសម្តេចតេជោ បានជំរុញអោយអាជ្ញាធរអគ្គិសនី និងផ្នែកពាក់ព័ន្ធបង្កើនការតបណ្តាញអគ្គិសនីជាច្រើនទៀតដល់ទីជនបទដាច់ស្រយាលផ្សេងៗ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនទាំងបីប្រទេស និងផ្នែកពាក់ព័ន្ធទាំងអស់ក្នុងការរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍វារីអគ្គិសនីសេសានក្រោម២នេះអោយទទួលបាននូវភាពជោគជ័យ។ ឆ្លៀតក្នុងឱកាសនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងដែលបានបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងការអភិវឌ្ឍ៕ ដោយ ៖ កូឡាប