តាកែវ ៖ ក្នុងឱកាសនាំយកអំណោយមនុស្សធម៌ Teoh & Goh Foundation របស់សប្បុរសជន ម៉ាឡេស៊ី មកផ្ដល់ជូនគ្រួសារក្រីក្រទូទាំងក្រុងដូនកែវ ជាង ១.០០០គ្រួសារ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងដូនកែវ បានធ្វើការអះអាងប្រាប់បងប្អូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនជាពិសេសធ្វើអោយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានជីវភាពធូធារទ្វេឡើង។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋជិត១ពាន់គ្រូសារដែលអញ្ជើញមកចូលរួមនៅក្នុងពីធីទទួលអំណោយ ឯកឧត្តម សុខ ខាវ៉ាន់ បានមានប្រសាសន៏បន្តថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិនិងបងប្អូនប្រជាពលរដ្ឋ តាមរយៈការអូសទាញអ្នកវិនិយោគទុនបរទេសមកបណ្ដាក់ទុនដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋធ្វើ។ អ្នកធ្វើការជាមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ បងប្អូនកម្មក កម្មាការរីនី ត្រូវបានយកចឹត្តទុកដាក់តាមរយៈការតម្លើងប្រាក់បៀវត្សរ៍ជារៀងរាល់ឆ្នាំ ជាពិសេសបងប្អូនកម្មក កម្មាការរីនីបានទទួលផលប្រយោជន៍ជាច្រើនតាមរយៈគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍បន្ថែមថា ក្រៅពីទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្ដាក់ទុននៅប្រទេសកម្ពុជាយើង យើងក៏បានធ្វើការគៀងគសម្បុរសជនពីប្រទេសនានានៅជុំវិញពិភពលោកដើម្បីនាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបនូវបញ្ហាជីវភាពបានមួយចំនួនផងដែរ។ នេះគឺជាការយកចិត្តទុកដាក់ចំពោះរាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនិងប្រឹងប្រែងឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាព ប្រទេសមានការអភិវឌ្ឍន៍លើគ្រប់វិស័យ អាត្រាភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋកាន់តែត្រូវបានកាត់បន្ថយ ៕ ដោយ ៖ តាកែវ