ស្ទឹងត្រែង ៖ ការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជម្រុញឱ្យការចរាចរណ៍ផលិតផលម្ហូបអាហារលើទីផ្សារប្រកបដោយសុវត្ថិភាព លុបបំបាត់ការកេងបន្លំផលប្រយោជន៍ តាមរយ:ការលក់ទំនិញក្លែងក្លាយ ឬបន្លំបរិមាណ ។ ល។ គឺជាកាតព្វកិច្ចដែលមន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលអនុវត្តប្រចាំថ្ងៃ នៅតាមបណ្តាច្រកទ្វារព្រំដែន និងនៅតាមបណ្តាទីផ្សារ។
ជាក់ស្តែង នៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការចូលរួម ពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គី និងតាមបណ្តាផ្ទះជុំវិញផ្សារក្នុងក្រុងស្ទឹងត្រែង ។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីកាំកុងត្រូល បានធ្វើវិភាគបឋម រកសារធាតុគីមី ហាមឃាត់លើផលិតផលមឹក និងបង្គាស្រស់ និងពិនិត្យអំពីភាពអនុលោម លើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារ និងភេសជ្ជ:មួយចំនួន ។
មន្ត្រីកាំកុងត្រូលខេត្តស្ទឹងត្រែង បានឲ្យដឹងថាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីកាំកុងត្រូលរកពុំឃើញមានសារធាតុគីមីលើគំរូផលិតផលដែលបានត្រួតពិនិត្យនោះទេ តែបានរកឃើញ និងដកហូតប្រហិតចំរុះហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៥ គីឡូក្រាម យកមកកំទេចចោល ។
ក្នុងឱកាសនោះ មន្ត្រីជំនាញ បានណែនាំដល់អាជីវករ ឱ្យចេះពិនិត្យ និងរៀបចំតាំងលក់ផលិតផលប្រកបដោយសុវត្ថិភាព និងមានអនាម័យ ជៀសវាងការដាក់លក់ផលិតផលដែល ខូចគុណភាព ផុតកំណត់រយ:ពេលប្រើប្រាស់ មានចម្លងមេរោគ ឬមានសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើ និងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀត ៕ ដោយ៖កូឡាប