ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា កម្ពុជា ដើរតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គ្រប់កាលៈទេសៈទាំងអស់ ហើយនឹងខិតខំធ្វើយ៉ាងណា ឲ្យមាគ៌ានេះ កាន់តែល្អប្រសើរបន្ថែមទៀត ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបសវនាការជាមួយ លោក សីលវ៉ាន វ៉ាសឺមែន(Sylvain WASERMAN) អនុប្រធានរដ្ឋសភាបារាំង នៅរសៀលថ្ងៃចន្ទទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា តាមរយៈទស្សនកិច្ចរបស់លោកនៅកម្ពុជា នាពេលនេះគឺកាន់តែធ្វើឲ្យចំណងទំនាក់ទំនង រវាងកម្ពុជាបារាំង កាន់ត្រូវបានលើកកម្ពស់មួយថែមទៀត ហើយសម្តេចក៏ចូលរួមសោកស្តាយ ចំពោះអ្វីដែលជាស្ថានការណ៍ចុងក្រោយដែលកើតឡើងនៅប្រទេសបារាំង។ សម្តេចសូមអរគុណតាមរយៈបារាំង ចំពោះការរាល់ការគាំទ្រ របស់រដ្ឋាភិបាលបារាំង ការចូលរួមចំណែករបស់បណ្តាមិត្តអន្តរជាតិ របស់កម្ពុជា ក្នុងបុព្វហេតុនៃការស្តារ កសាង និងអភិវឌ្ឍន៍កម្ពុជា ដោយមានការខិតខំប្រឹងប្រែងជួយខ្លួនឯងផង និងមានការជួយជ្រោមជ្រែងតាមរយៈមិត្តភក្តិអន្តរជាតិដូចជាបារាំងផងដែរ ដែលធ្វើឲ្យប្រទេសកម្ពុជាទទួលបានអ្វីដែលមាននៅថ្ងៃនេះ។
លោកអនុប្រធានសភាបារាំង បានលើកឡើងនៅគោលបំណងធំៗចំនួន៣រ នៅក្នុងទស្សនកិច្ច មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ទី១.គឺជាការពង្រឹងនូវទំនាក់ទំនងរវាងសភា និងសភាដែលធ្វើជាបន្តបន្ទាប់ តាមការកំណត់កន្លងមក។ លោកបានលើកឡើងថា នេះជាភាពចាំមួយ ដែលសភារបស់សាធារណរដ្ឋបារាំង និងសភារបស់ព្រះរាជាណាចក្រកម្ពុជា បន្តកិច្ចសហការទម្លាប់នេះ បន្តទៅទៀត និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងគ្នា បន្ថែមទៀត ទី២.តាមរយៈក្នុងដំណើរទស្សនកិច្ចនេះដែរ លោកនឹងក៏ជួបពិភាក្សាជាមួយនឹងផ្នែកពាក់ព័ន្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជាបារាំង នៅក្នុងការគាំទ្រ ដល់ការថែរក្សា និងអភិរក្សបេតិកភណ្ឌរបស់កម្ពុជា ដែលភាគច្រើននៅក្នុងខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ហើយមួយវិញទៀតនោះ ក្នុងដំណើរទសន្សនកិច្ចនេះដែរ ក៏ជាការអនុវត្តតាមទម្លាប់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌ នៃគណៈកម្មាធិការកិច្ចការបរទេស របស់សភាសាធារណរដ្ឋបារាំង និងគណៈកម្មាធិការកិច្ចការបរទេស របស់សភា នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លើយតបនៅនឹងគោលបំណងធំៗរបស់លោកអនុប្រធានសភាបារាំង សម្តេចក្រឡាហោម ជាថ្មីម្តងទៀត បានលើកឡើងទំនាក់ទំនងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំង២ ពិតជាមានសារសំខាន់ណាស់ ដោយផ្អែកលើទំនាក់ទំនង ជាប្រវត្តិសាស្ត្រ នៃកម្ពុជា បារាំង និងមានជាហូរហែ និងជាយូរឆ្នាំ កន្លងមកហើយនោះ ហើយការគាំទ្រផ្សេងៗ របស់បារាំង ដែលជួយមកដល់កម្ពុជា ជាហូរហែមកនោះដែរ នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ សម្តេចក៏សូមអរគុណ ចំពោះគោលបំណង នៃការជួយដល់ការអភិរក្សបេតិកភណ្ឌរបស់កម្ពុជា ជាពិសេសនៅក្នុងទឹកដីខេត្តសៀមរាប ដែលសម្តេច បានលើកឡើងថា នេះជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការផ្តល់កិច្ចសហការ ដូចជា ថែរក្សានូវអ្វីដែលកម្ពុជាមាន ជាបេតិកភណ្ឌកម្ពុជានេះ ដើម្បីស្រូបទាញយកជាប្រយោជន៍ បម្រើដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏សូមអរគុណដល់ភាគីបារាំង ដែលជួយដល់កិច្ចការដ៏មានសារសំខាន់នេះ។ ទី៣. សម្តេចក៏ឯកភាព គាំទ្រចំពោះកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌ នៃគណៈកម្មធិការកិច្ចការបរទេស របស់សភានៃប្រទេសទាំង២ ដែលបន្តធ្វើជាហូរហែរកន្លងមកនេះ។
សម្តេចក៏បានជម្រាបជូនដោយទ្រួសៗ ជូនដល់គណៈប្រតិភូសភាបារាំង ដែរថា ចំពោះកម្ពុជា ទោះនៅក្នុងស្ថានការណ៍ណា ក៏ដោយផ្អែកទៅលើប្រវត្តិសាស្ត្រ ជាច្រើនឆ្នាំ របស់កម្ពុជា គឺកម្ពុជានៅតែ បន្តអនុវត្តនិងដើរតាមមាគ៌ា លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ព្រោះនេះជាមាគ៌ា នយោបាយមួយ ដែលនាំទៅដល់សុខសន្តិភាព នៅកម្ពុជា គឺកម្ពុជាមិនអាចងាករេ ពីមាគ៌ានយោបាយនេះបានឡើយ។ ចំពោះស្ថានការណ៍នយោបាយ របស់កម្ពុជា សម្តេចក្រឡាហោម បានលើកឡើង អំពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងនោះសម្តេច ក៏បានរំលឹកទៅដល់សេចក្តីថ្លែងការណ៍ ដែលបានដាក់ចេញចំនួន៥ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕ ដោយ ៖ កូឡាប