កំពត ៖ សំណង់ជាសណ្ឋាគារ ផ្ទះសំណាក់ បឹងកាឡូ ផ្សារទំនើប និងអគារផ្សេងៗកំពុងរីកដុះដាលយ៉ាងគំហុកនៅក្រុងកំពតដែលបង្ហាញឱ្យឃើញអំពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចទាំងរដ្ឋ ក៏ដូចជាវិស័យឯកជនក្នុងខេត្តភាគនិរតីនៃកម្ពុជាមួយនេះ។
លោកលាង រឿនសុធី អភិបាលក្រុងកំពតបានមានប្រសាសន៍ថានារយៈពេលចុងក្រោយនេះ ទោះបីមានឈ្មោះជាមណ្ឌលទេសចរណ៍បុរាណក្តី តែក្រោមកិច្ចដឹកនាំដ៏របស់អភិបាលខេត្តកំពត លោកជាវ តាយ ក្រុងកំពតបាន និងកំពុងរីកដុះដាលយ៉ាងគំហុកនូវសមិទ្ធផលបែបស៊ីវិល័យមិនចាញ់ទីប្រជុំជននៃបណ្តាប្រទេសអភិវឌ្ឍនានាឡើយ ពិសេសផ្នែកសំណង់ជាសណ្ឋាគារ ផ្ទះសំណាក់ បឹងកាឡូ ផ្សារទំនើប និងអគារផ្សេងៗ។ សមិទ្ធផលទាំងនោះបង្ហាញឱ្យឃើញពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចទាំងរដ្ឋ ក៏ដូចជាវិស័យឯកជនដែលជាចលករមួយជួយទាក់ទាញបន្ថែមនូវវិនិយោគិនក្នុង និងក្រៅប្រទេសឱ្យចូលមកចាប់ដៃអភកិវឌ្ឍ ស្របពេលខេត្តនេះពោរពេញដោយសក្តានុពលដ៏សម្បូរបែបដែលកើតមានស្រាប់។
លោកអភិបាលក្រុងបានបញ្ជាក់ថាជាក់ស្តែងគិតត្រឹមដើមខែធ្នូ ឆ្នាំ២០១៨ នេះសំណង់អគារធំៗបានកើនឡើងរហូតដល់១០៥ការដ្ឋាន ខណៈដែលឆ្នាំ២០១៧ មានត្រឹមតែ៦៤ការដ្ឋានប៉ុណ្ណោះ។ សន្ទស្សន៍នៃកំណើនសំណង់ធំៗនឹងធ្វើឱ្យខេត្តកំពតកាន់តែមានសក្តានុពលលើគ្រប់វិស័យផ្តើមឡើងពីការអភិវឌ្ឍន៍ក្នុងទ្រង់ទ្រាយធំ ដូចជាការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ និងការបង្កើតឆ្នេរខ្សាច់កម្សាន្តដែលនឹងសម្រេចរួចរាល់មុនពិធីបុណ្យសមុទ្រឆ្នាំ២០១៩ខាងមុខ។
ផ្អែកលើទិដ្ឋភាពទាំងនេះបញ្ជាក់ឱ្យឃើញថាកំណើនសេដ្ឋកិច្ចនឹងបន្តកើតឡើងសម្រាប់ក្រុង ក៏ដូចជាក្នុងខេត្តកំព ហើយអាចឆ្លើយតបបានចំពោះកិច្ចអភិវឌ្ឍន៍ទាំងឡាយដើម្បីស្រូបទាញវិនិយោគិនរឹតតែចាប់អារម្មណ៍ ស្របពេលនៃការដាក់ចេញនូវយុទ្ធសាស្ត្រ ព្រមទាំងទិសដៅជាក់លាក់របស់ខេត្តដែលជាចំណុចសំខាន់សម្រាប់ដៃគូអភិវឌ្ឍឱ្យកាន់តែមានទំនុកចិត្តនោះ៕ ដោយ ៖ និរតី