ខេត្តស្វាយរៀង ៖ លោក សរ វណ្ណា នាយកសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨នេះបាននាំយកនូវអំណោយមនុស្សធម៌ជាស្បៀង សម្ភារៈ និងថវិកាមួយចំនួន យកទៅសួរសុខទុក្ខ និងចែកអំណោយ ជូនចាស់ជរា ២ គ្រួសារ ជនពិការ ៣ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ១០ គ្រួសារ សរុប ១៥ គ្រួសារ មកពី ឃុំធ្មា ស្រុករំដួល ដែលពិធីនេះប្រារព្វធ្វើនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ។
ក្នុងពិធីនោះលោក សរ វណ្ណា នាយកសាខា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយជានិច្ចជាកាល សម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ។
លោកនាយកសាខាបានបញ្ជាក់បន្ថែមដល់អ្នកទទួលអំណោយទាំង ១៥ គ្រួសារ ដោយសង្ខេបអំពីសកម្មភាពនានារបស់កាកបាទក្រហមកម្ពុជា នៅថ្នាក់សាខា និងអនុសាខា បានយកចិត្តទុកដាក់ និងដោះស្រាយបន្ទាន់ដល់គ្រួសារដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ គ្រោះថ្នាក់ចរាចរណ៍ជាដើម ធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះបានធូស្រាលមួយចំណែក ហើយពេលនេះសាខាបានគិតគូដល់លោកយាយ លោកតា ចាស់ជរាដែលគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិការ កុមារកំព្រា ព្រោះមិនមែនតែស្រុករំដួលមួយទេដែលសាខាត្រូវដោះស្រាយ គឺត្រូវដោះស្រាយដល់ស្រុកផ្សេងទៀតតាមលទ្ធភាពដែលសាខាមាន ។
លោកនាយកសាខា បានបញ្ជាក់ថាអំណោយទាំងនេះគឺបានមកពីសប្បុរសជនទាំងក្នុង និងក្រៅខេត្ត បានជួយឧបត្ថម្ភដល់សាខា តាមរយៈការរៀបចំទិវា ៨ ឧសភា សមាជិកភាព ហិបវិភាគទាន និងការលក់សន្លឹកឆ្នោត ។ ហើយបងប្អូនទាំងអស់ត្រូវទុកចិត្តនឹងអាជ្ញាធរដែនដី រួមទាំងកាកបាទក្រហមកម្ពុជាផងដែរ ក្នុងការជួយសម្រាលទុក្ខលំបាករបស់បងប្អូនដោយមិនរើសអើងឡើយ ពោលគឺឲ្យតែរងគ្រោះ ព្រោះកាកបាទក្រហមកម្ពុជាយើងមានបណ្តាញអ្នកស្មគ្រ័ចិត្ត និងយុវជននៅគ្រប់សាខា រាជធានី ខេត្ត តាមអនុសាខាក្រុងស្រុកទូទាំងប្រទេស អាចចុះពិនិត្យជាក់ស្តែង ផ្តល់ព័ត៌មានបានយ៉ាងឆាប់រហ័ស និងធ្វើការឆ្លើយតបភ្លាមៗ ដើម្បីយកអំណោយចែកជូនដល់អ្នករងគ្រោះបានទាន់ពេលវេលា ។ អំណោយដែលបានចែកជូនទាំង ១៥ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ៤០.០០០ រៀល ៕ ដោយ ៖ វ៉ៃគោ