បាត់ដំបង ៖ ប្រជាពលរដ្ឋឃុំកំពង់ល្ពៅ ស្រុកសំឡូត បានអះអាងថា ករណីមានគោមួយក្បាលដេកងាប់ ដោយមានស្មានរបួសលើខ្នង និងបាក់កនោះ ដោយសារសត្វខ្លាដ៏ធំមួយមកខាំ។ ហេតុការណ៍នេះ តែងកើតឡើងជាច្រើនដងរួចមកហើយ ទើបធ្វើឲ្យពួកគាត់មានក្តីបារម្ភខ្លាំង ចំពោះសុវត្ថិភាពរបស់ពួកគាត់នៅស្រុកសំឡូត ខេត្តបាត់ដំបង ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា នៅម៉ោង២យប់ ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៨ មានសត្វខ្លាធំមួយក្បាល បានចេញពីព្រៃ ចូលមកក្នុងភូមិ ហើយខាំកាច់កសម្លាប់សត្វគោ១ក្បាល របស់ឈ្មោះ ស៊ុន ភាព ភេទប្រុស អាយុ៣២ឆ្នាំ ។
អធិការនគរបាលស្រុកសំឡូត លោក កោ សុនកាំង បានថ្លែងប្រាប់ថា ពិតជាមានករណីនេះ កើតឡើងមែន ដោយសត្វខ្លាធំនោះ បានចេញពីព្រៃ ហើយចូលទៅខាំកាច់គោមួយក្បាល បណ្ដាលឲ្យងាប់ភ្លាមៗ ។ លោកអធិការស្រុក និងអាជ្ញាធរមូលដ្ឋាន បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន បន្ថែមទៀត ។ អាជ្ញាធរ និងសមត្ថកិច្ច ក៏ត្រៀមលក្ខណៈ ដើម្បីទប់ស្កាត់។
ប្រពលរដ្ឋមូលដ្ឋាន បញ្ជាក់ថា ដោយសារតែហេតុការណ៍នេះ តែងកើតឡើងជាច្រើនដង រួចមកហើយ ទើបធ្វើឲ្យពួកគាត់ មានក្តីបារម្ភ ចំពោះសុវត្ថិភាព ជាពិសេសក្មេងៗ ឥឡូវកើតលើសត្វគោ ដូច្នេះលើក្រោយ មិនដឹងជាយ៉ាងនោះទេ៕ ដោយ ៖ បញ្ញាស័ក្តិ