ភ្នំពេញ ៖ រាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលខណ្ឌជ្រោយចង្វារ និងមន្ត្រីជំនាញរដ្ឋបាល រាជធានីភ្នំពេញ ចុះពិនិត្យទីតាំងត្រៀមរៀបចំ ពីធីសម្ពោធ វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះនិងអបអរសាទរ ខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា និងការអនុវត្តប្រកបដោយ ជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិនិត្យការរៀបចំតុបតែង ភ្លើងពណ៌ តាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ។
លោក នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានជម្រាបជូនអំពីលទ្ធផលការងារដែលក្រុមការងារសាងសង់បានធ្វើ ក្នុងរយៈពេលចុងក្រោយនេះ ដូចជាការងារចំលាក់ ការរៀបចំសារមន្ទីរ ការរៀបចំតាំងពិព័រណ៌តំបន់សមិទ្ធផល ការរៀបចំតំឡើងសម្ភារអាងបាញ់ទឹក នឹងសកម្មភាពផ្សេងៗទៀត ដែលមានការមមាញឹកបំផុត។
សម្ដេចពិជ័យសេនា ទៀត បាញ់ បានរំលឹកឡើងវិញ៖ ពីដំណើរការសាងសង់វិមានឈ្នះ-ឈ្នះ ពីដំបូងគឺជួបការលំបាកក្នុងការស្វែងរកទីតាំងសម្រាប់ការសាងសង់។ សម្ដេចបានបញ្ជាក់ថា៖ ការសាងសង់វិមានឈ្នះ-ឈ្នះ បានកសាងចែកចេញជា៣តំបន់រួមមាន៖ តំបន់ទី១ ជាតំបន់សុខដុម្មនីយកម្ម ដែលមានតំណាងប្រាសាទចំនួន៤ រួមមានប្រាសាទកោះកេរ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទបាយ័ន។ តំបន់ទី២ ជាតំបន់ស្នូលជាតួវិមាន ដែលតំណាងឲ្យសន្តិភាព និងតំបន់ទី៣ ជាតំបន់សមិទ្ធផលដែលទទួលបានពីនយោបាយឈ្នះឈ្នះ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។ សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា៖ វិមានឈ្នះ-ឈ្នះ បើកការដ្ឋានសាងសង់ចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១០២៧ថ្ងៃ ស្មើនឹង៣៤ខែ ហើយតួវិមានបានសាងសង់រួចរាល់១០០ភាគរយ ហើយសំណង់នេះបានសាងសង់តាមទំរង់៣. ៥. ៧។ សម្តេចបានបញ្ជាក់ថា៖វិមានឈ្នះ-ឈ្នះ បានសាងសង់ឡើងដោយស្នាដៃកូនខ្មែរសុទ្ធ។ សម្ដេចបន្តថា៖ គុណតម្លៃសន្តិភាព និងការបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសយើងមានសន្តិភាព ពេញលេញទូទាំងប្រទេស ហើយសន្តិភាពបានចែករំលែកដល់យើងទាំងអស់គ្នា គ្រប់ទិសទី នឹងនាំមកនូវការរីកចម្រើនលូតលាស់ លើគ្រប់វិស័យ។ សម្ដេចពិជ័យសេនាបានបញ្ចាក់អោយដឹងទៀតថា៖ យើងនឹងបន្តការងារសាងសង់ស្តូបឈ្នះ!ឈ្នះ!ដែលតំណាងឲ្យសន្តិភាពនៅក្នុងប្រទេសកម្ពុជា នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៣ ទី៤ និងទី៥ បន្តទៀត។ ហើយសំណង់វិមានឈ្នះ-ឈ្នះនេះ នឹងបើកទូលាយឲ្យសាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនា បន្ទាប់ពីថ្ងៃប្រារព្ធពិធីសម្ភោធ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ៕ ដោយ ៖ កូឡាប