អស់រយៈពេលជាច្រើនឆ្នាំ មេដឹកនាំមីយ៉ានម៉ា អ្នកស្រី អ៊ុងសាន សូជីគឺជាមនុស្សដ៏សំខាន់របស់សហគមន៍អន្តរជាតិ ដែលអង្គការជាច្រើនទូទាំងពិភពលោក បានកោតសរសើរចំពោះការតស៊ូរបស់អ្នកស្រីក្នុងការនាំយកលទ្ធប្រជាធិបតេយ្យត្រឡប់មកកាន់ប្រទេសមីយ៉ានម៉ាវិញ។
ប៉ុន្តែបច្ចុប្បន្ន អ្នកស្រីបានទទួលរងការរិះគន់ឥតឈប់ឈរចំពោះការបង្ក្រាបរបស់កងកម្លាំងរដ្ឋាភិបាលមីយ៉ានម៉ាលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ដែលសកម្មភាពបង្ក្រាប រំលោភ និងសម្លាប់ដ៏ព្រៃផ្សៃទាំងនោះ ត្រូវបានអង្គការសហប្រជាជាតិចាត់ទុកជាសកម្មភាពប៉ុប៉ងប្រល័យពូជសាសន៍។
មេដឹកនាំជាច្រើន រួមមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad បានធ្វើការរិះគន់អ្នកស្រីយ៉ាងធ្ងន់ ចំពោះអំពើឃោរឃៅរបស់អ្នកស្រី និងបានហៅការឆ្លើយតបរបស់អ្នកស្រីអ៊ុងសាន សូជីថាជាអំពើមិនអាចការពារខ្លួនឯងបាននោះទេ។
ចំនែកកាលពីខែវិច្ឆការកន្លងទៅវិញ អនុប្រធានាធិបតីអាមេរិច Mike Pence ក៏បានប្រាប់អ្នកស្រីផងដែរថា ការធ្វើទុក្ខបុកម្នេញ និងការបង្ក្រាបរបស់កងកម្លាងមីយ៉ានម៉ាគឺជារឿងដែល មិនអាចត្រាប្រណីបាន។
ដោយសារសកម្មភាពដ៏ឃោរឃៅរបស់កងកម្លាំងមីយ៉ានម៉ា និងការរិះគន់ជុំទិសលើរដ្ឋាភិបាលរបស់អ្នកស្រី មានអង្គការជាច្រើនបានសម្រេចចិត្តដកហូតពានរង្វាន់កិត្តិយសពីអ្នកស្រី ហើយកាលពីសប្តាហ៍នេះផងដែរ អង្គការរបស់កូរ៉េខាងត្បូងមួយ ក៏បានមានវិធានការលើអ្នកស្រី។
អង្គការមូលនិធិរំលឹកថ្ងៃ ១៨ ឧសភា (The May 18 Memorial Foundation) ដែលជាអង្គការសិទ្ធិមនុស្សដ៏ធំមួយរបស់កូរ៉េខាងត្បូង បានប្រកាសដកហូតពានរង្វាន់សិទ្ធិមនុស្សពីអ្នកស្រី ដែលអ្នកស្រីត្រូវអង្គការនោះផ្តល់អោយកាលពីឆ្នាំ ២០១៤។
អ្នកនាំពាក្យរបស់អង្គការនោះបាននិយាយថា “ការព្រងើយកន្តើយរបស់អ្នកស្រីចំពោះសកម្មភាពឃោរឃៅលើជនជាតិរ៉ូហ៊ីងយ៉ាបានធ្វើប៉ះពាល់ដល់ពានរង្វាន់ដែលតំណាងអោយការការពារ និងលើកតង្កើនសិទ្ធិមនុស្ស”៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia