ពលរដ្ឋកាណាដាម្នាក់ទៀតហើយដែលបានអាជ្ញាធរចិនចាប់ឃុំខ្លួន ដែលការឃុំខ្លួននេះធ្វើឲ្យនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau សំដែងការព្រួយបារម្ភយ៉ាងខ្លាំង។
ការឃុំខ្លួនពលរដ្ឋកាណាដាទី៣ នេះកើតឡើង ក្រោយពេលមានភាពតានតឹងរវាងប្រទេសទាំងពីរ បន្ទាប់អាជ្ញាធរកាណាដាបានចាប់ខ្លួននាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei កាលពីដើមខែធ្នូនេះ តាមសំណើររបស់សហរដ្ឋអាមេរិច។
កាណាដាបញ្ជាក់ថា ខ្លួនកំពុងស្វែងរកពត៌មានបន្ថែមជុំវិញការឃុំខ្លួនពលរដ្ឋខ្លួននៅក្នុងប្រទេសចិន។
កាលពីពេលថ្មីៗនេះ ពលរដ្ឋកាណាដាចំនួន ២នាក់ រួមមានអតីតអ្នកការទូតឈ្មោះ Michael Kovrig និងអ្នកជំនួញឈ្មោះ Michael Spavor ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពេលមានការចាប់ខ្លួនអ្នកស្រី Meng Wanzhou នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេក វិទ្យាចិនដ៏ធំ Huawei។ អ្នកស្រី Meng Wanzhou អាចនឹងត្រូវគេធ្វើបត្យាប័នទៅកាន់អាមេរិច។
នាយករដ្ឋមន្ត្រីកាណាដា បញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា “ពួកយើងមានការសង្ស័យថា ការចាប់ខ្លួនពលរដ្ឋកាណាដាទី ៣ គឺខុសគ្នាពីករណីនៃការចាប់ខ្លួនពលរដ្ឋកាណាដា ២នាក់មុន”។
លោកបញ្ជាក់ទៀតថា “ពួកយើងកំពុងស្ថិតក្នុងស្ថានភាពនៃការប្រមូលពត៌មានបន្ថែម”។
សូមបញ្ជាក់ថា អតីតអ្នកការទូត និងអ្នកជំនួញកាណាដា ត្រូវបានអាជ្ញាធរចិន ចាប់ខ្លួន និងរងការចោទប្រកាន់ពីបទគំរាមកំហែងដល់សន្តិសុខចិន។
ទោះយ៉ាងណា ចិនបានធ្វើការបដិសេធថា ការចាប់ខ្លួនពលរដ្ឋកាណាដា ២នាក់ដំបូង ជាប់ទាក់ទងទៅនឹងការចាប់ខ្លួន នាយកហិរញ្ញ វត្ថុក្រុមហ៊ុន Huawei ប៉ុន្តែអ្នកវិភាគមួយចំនួនបានជឿជាក់ថា សកម្មភាពរបស់ចិនគឺជាការសងសឹក៕ សុភ័ក្ត្រ
ប្រភព៖ BBC