ភ្នំពេញ ៖ លោករដ្ឋមន្ត្រីទេសចរណ៍ បានថ្លែងថា ខណៈពេលដែលក្រុមហ៊ុនអាកាសចរ Vietnam Airlines បាននិងកំពុងពង្រឹងប្រតិបត្តិការខ្លួន តាមរយៈការដាក់ឲ្យប្រើប្រាស់យន្តហោះទំនើបៗ ដូចជា B787 Dreamliner, Airbus A350, A321 នោះ លោកក៏បានសំណូមពរឲ្យក្រុមហ៊ុន មេត្តាយកចិត្តទុកដាក់ ពង្រីកជើងហោះហើរ ពីប្រទេសវៀតណាមមកកាន់រាជធានីភ្នំពេញ តំបន់សៀមរាប តំបន់ឆ្នេរសមុទ្រ និងតំបន់កោះសំខាន់ៗ របស់កម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត។
លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចែកពានរង្វាន់ ជូនទីភ្នាក់ងារទេសចរណ៍ ដែលមានស្នាដៃល្អ ក្នុងការលក់សំបុត្រជូនក្រុមហ៊ុនអាកាសចរ Vietnam Airlines នៅសណ្ឋាគារភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។ ពិធីនេះក៏មានការចូលរួមពីលោក Nguyen Trac Toan ភារធារីនៃស្ថានរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Ngo Tri Hung នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរ Vietnam Airlines រួមទាំងប្រតិបត្តិករ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ ។
លោក ថោង ខុន បានថ្លែងថា អត្រាកំណើននៃភ្ញៀវទេសចរ បានកើនឡើងជាទីមោទនៈនេះ គឺសម្រេចបានដោយសារ កត្តាសុខសន្តិភាពពេញលេញ និងដោយសារគោលនយោបាយបើកចំហជើងមេឃ របស់រាជរដ្ឋាភិបាលកម្ពុជា ការបើកច្រកព្រំដែនអន្តរជាតិកាន់តែទូលំទូលាយ ជាមួយបណ្តាប្រទេសជិតខាង និងកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្លា របស់ស្ថាប័នពាក់ព័ន្ធ ក្នុងការសំរួលការធ្វើដំណើរ និងដឹកជញ្ជូនតាមច្រកទ្វារអន្តរជាតិនានា។
លោកបានបន្តថា បច្ចុប្បន្នឧស្សាហកម្មដឹកជញ្ជូន និងធ្វើដំណើរ ជាដៃគូមិនអាចខ្វះបានក្នុងការរុញដោល និងអភិវឌ្ឍវិស័យទេសចរណ៍ ពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងនោះការដឹកជញ្ជូនតាមផ្លូវអាកាស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយឈរលើគោលការណ៍សុវត្ថិភាពខ្ពស់ និងចំណេញពេលវេលាធៀបនឹងមធ្យោបាយផ្សេងៗទៀត។ ដើម្បីទ្រទ្រង់ដល់ការរីកលូតលាស់នៃវិស័យទេសចរណ៍ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ការអភិវឌ្ឍ និងធ្វើទំនើបកម្មមធ្យោបាយដឹកជញ្ជូន ទាំងផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ (ព្រលានយន្តហោះ កំពង់ផែ ចំណត) និងបច្ចេកវិទ្យាក្នុងវិស័យដឹកជញ្ជូន គឺជាកត្តាកំណត់ចាំបាច់សំរាប់និរន្តរភាព នៃវិស័យទេសចរណ៍។
លោកក៏បានអំពាវនាវដល់ក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ មេត្តាបន្តចូលរួមគាំទ្រ និងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែទូលំទូលាយ ទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេស តាមរយៈការបង្កើតផលិតផលថ្មីៗ និងរៀបចំកញ្ចប់ខ្សែទស្សនកិច្ចឲ្យកាន់តែមានភាពទាក់ទាញ ដោយដាក់បញ្ចូលនូវព្រឹត្តិការណ៍ និងពិធីបុណ្យធំៗនានារបស់កម្ពុជាផង ដើម្បីឱ្យភ្ញៀវទេសចរបានមកលេងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។
បច្ចុប្បន្នមានជើងហោះហើរពីវៀតណាម មកកម្ពុជាសរុប២៣ជើង ក្នុងមួយថ្ងៃ៖ សៀមរាប-ហូជីម៉ិញ ៦ជើង, សៀមរាប-ហាណូយ ៦ជើង, ភ្នំពេញ-ហូជីម៉ីញ ៥ជើង ក្រៅពីនោះមានជើងហោះហើរសៀមរាប-ដាណាង និងព្រះសីហនុ-ហូជីមិញផងដែរ ដែលភាគច្រើនប្រតិបត្តិការដោយក្រុមហ៊ុន Vietname Airline ក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអង្គរអ៊ែរ ក្រុមហ៊ុន Vietjet ក្រុមហ៊ុនអាកាសចរ Silk Air និងក្រុមហ៊ុនអាកាសចរ Qatar Airways៕ ដោយ ៖ បញ្ញាស័ក្តិ