Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ដល់​ជនរួមជាតិ​គ្រប់ទិសទី គ្រប់​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល រួម​សាមគ្គី​គ្នា​ជា​កម្លាំង​ជាតិ​តែមួយ នៅក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​

spot_img

​ក្រោយ​បិទ​បញ្ចប់​សន្និបាត​គណៈកម្មាធិកា​រ​កណ្ដាល លើក​ទី​៤១ អាណត្តិ​ទី​៥ ដែល​ដំណើរការ​អស់​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​១៨ ដល់​២០ ខែធ្នូ ឆ្នាំ​២០១៨​នោះ នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃនេះ គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញ​សេចក្តីសម្រេច​ជា​លទ្ធផល​ចំនួន​១១​ចំណុច ដោយ​ក្នុង​នោះបាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​គ្រប់ទិសទី គ្រប់​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត​ក្នុងសង្គម រួម​សាមគ្គី​គ្នា​ជា​កម្លាំង​ជាតិ​តែមួយ នៅក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត នៃ​យើង ដើម្បី​បន្ត​កសាង និង​ការពារ​មាតុភូមិ ឲ្យ​ស្ថិតស្ថេរ​រីកចម្រើន​ខ្លាំងក្លា​ក្នុង​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​

​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨​នេះ បានបញ្ចប់​ការរៀបចំ​សន្និបាត គណៈកម្មាធិការ​កណ្តាល នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ។​

​យោងតាម​សេចក្តីជូនដំណឹង​ពី​លទ្ធផល​នៃ​អង្គសន្និបាត​បាន​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល បាន​ប្តេជ្ញា​មិន​ឱនក្បាល ចំពោះ​ការដាក់​សម្ពាធ​ណាមួយ ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ឡើយ​។​

​សេចក្តីប្រកាស​លទ្ធផល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា អង្គសន្និបាត តម្កល់​ខ្ពស់​ស្មារតី​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ ការពារ​ដាច់ខាត​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ប្រឆាំង​ការជ្រៀតជ្រែក​របស់​បរ​ទេស ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ការ​មួលបង្កាច់​ភាពត្រឹមត្រូវ របស់​នយោបាយ និង​សកម្មភាព​របស់​កម្ពុជា ដោយ​មិន​ឱនក្បាល​ចំពោះ ការដាក់​សម្ពាធ​ណាមួយ​ពី​ខាងក្រៅ​។ ថែរក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ឲ្យ​បាន​រឹងមាំ រាំង​ស្កាត់​រាល់​សកម្មភាព ប្រទូស្ត​រ៉ា​យ ដែល​បង្កដោយ​ពួក​ប្រឆាំង និង​មជ្ឈដ្ឋាន​អន្តរជាតិ​នានា ដោយ​ប្រតិបត្តិ​ម៉ឹងម៉ាត់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​។

​អង្គសន្និបាត​បាន​ប្តេជ្ញា​ការពារ និង​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ ឲ្យ​ចាក់គ្រឹះ​កាន់តែ​រឹងមាំ​នៅ​កម្ពុជា លើ​មូលដ្ឋាន​ធានា​នូវ​សន្តិភាព និង​ការអភិវឌ្ឍ និង​ត្រូវ​ផ្សារភ្ជាប់​ជាមួយ ការថែរក្សា​អត្តសញ្ញាណ​ជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណី ទំនៀមទម្លាប់​ល្អ​របស់​ជាតិ និង​ការកសាង​សុខដុមរមនា ក្នុងសង្គម​កម្ពុជា​ផងដែរ​។​

​លទ្ធផល​អង្គសន្និបាត​របស់​គណបក្សកាន់អំណាច​នៅ​កម្ពុជា បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ធ្វើការ​កត់សម្គាល់​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​សភាពការណ៍​អន្តរជាតិ ដែលមាន​ការវិវត្តន៍​កាន់តែ​ស្មុគស្មាញ និង​ប្រកបដោយ​គ្រោះថ្នាក់ ទាំង​ខាង​យោធា សេដ្ឋកិច្ច នយោបាយ និង​ច្បាប់ ជាពិសេស​ការប្រព្រឹត្តរ​បស់​ប្រទេស​អ្នកខ្លាំង ដែល​ប្រកាន់​នយោបាយ​ឯកតោភាគី​និយម និង​គាំពារ​និយម​។ នៅក្នុង​ស្ថានភាព​នេះ​ប្រទេស​កម្ពុជា បន្ត​ប្រកាន់ខ្ជាប់​នយោបាយ​ការបរទេស​អព្យាក្រឹត​មិន​ចូលបក្ស​សម្ព័ន្ធ និង​សន្តិ​សហ​វិជ្ជមាន ខិតខំ​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គ្រប់​ប្រទេស និង​សហគមន៍​អន្តរជាតិ ហើយ​ប្តេជ្ញា​ចូលរួម​វិភាគទាន កាន់តែ​សកម្ម​ដល់​បុព្វហេតុ ដើម្បី​សន្តិភាព ស្ថិរភាព សន្តិសុខ វឌ្ឍនភាព និង​វិបុលភាព​របស់​តំបន់ និង​ពិភពលោក​។​

​ការប្រើប្រាស់​ទណ្ឌកម្ម​ជា​មធ្យោបាយ​គៀបសង្កត់ ប្រទេស​អធិបតេយ្យ​ដទៃ ឱ្យធ្វើតាម​ឆន្ទៈ​របស់ខ្លួន ហើយ​យក​តម្លៃ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ មកប្រើប្រាស់​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង បំពាន​អធិបតេយ្យ បំពាន​សិទ្ធិ​ស្វ័យ​សម្រេច របស់​ប្រទេស​ដែល​ខ្សោយ​ជាង ធ្វើឱ្យ​ពិភពលោក​ជួប​បញ្ហា​ប្រឈម និង​ហានិភ័យ​កាន់តែ​ច្រើនឡើង ក្នុងពេលដែល​បណ្តា​ប្រជាជាតិ កំពុង​រួមគ្នា​ប្រឹងប្រែង​ឆ្ពោះទៅ សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​។​

​ក្នុង​ស្មារតី​នេះដែរ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពីពេល​ថ្មីៗ​នេះ ក្នុង​ការបន្ត​ពង្រឹង​ពូន​ជ្រំ​ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា​-​ឡាវ និង​កម្ពុជា​-​វៀតណាម និង​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់ សំដៅ​កសាង​ខ្សែ​បន្ទាប់​ព្រំដែន​រួម​ប្រកបដោយ មិត្តភាព សន្តិភាព ស្ថិរភាព និង​សហប្រតិបត្តិការ​រឹងមាំ​យូរអង្វែង​។​

​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើការ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា សម្រេច​ឲ្យ​បាន​គោលដៅ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ ឲ្យ​ស្ថិតក្នុង​អត្រា​ទាប​ជាង​១០​ភាគរយ និង​ការពារ​មិន​ឲ្យ​ភាពក្រីក្រ​វិលត្រឡប់​មក​វិញ​។​

គណបក្ស​ប្រជាជន​កម្ពុជា នឹង​ខិតខំ​ជំរុញ​ការអនុវត្ត​ឲ្យ​បានសម្រេច​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាកកាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៩ ដែលមាន​គោលដៅ​ជា​យុទ្ធសាស្ដ្រ​៤ សំដៅ​កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សន្និបាត​ដែល​ដំណើរការ​រយៈពេល​៣​ថ្ងៃនេះ បញ្ជាក់ថា គោលដៅ​ជា​យុទ្ធសាស្ដ្រ​៤​នោះ​រួមមាន​៖ ទី​១៖ ធានា​ឲ្យ​បាន​កំណើនសេដ្ឋកិច្ច ក្នុង​អត្រា​មធ្យម​ប្រចាំឆ្នាំ ក្នុង​រង្វង់​៧​ភាគរយ ប្រកបដោយ​ចីរភាព និង​ធន់​នឹង​វិបត្តិ ទី​២៖ បង្កើត​ការងារ​ឲ្យ​បាន​កាន់តែច្រើន ទាំង​បរិ​មា​ណ និង​គុណភាព​ជូន​ប្រជាជន ជាពិសេស​ស្រទាប់​យុវជន ទី​៣៖ សម្រេច​ឲ្យ​បាន​គោលដៅ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ ឲ្យ​ស្ថិតក្នុង​អត្រា​ទាប​ជាង​១០​ភាគរយ និង​ការពារ​មិន​ឲ្យ​ភាពក្រីក្រ​វិលត្រឡប់​មក​វិញ និង​៤៖ បន្ដ​ពង្រឹងសមត្ថភាព និង​អភិបាលកិច្ច​នៃ​ស្ថាប័នរដ្ឋ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព​សេវាសាធារណៈ​។​

​អង្គសន្និបាត ក៏បាន​ពិនិត្យ​លទ្ធផល​នៃ​ការអនុវត្ត​ការកែទម្រង់​អភិបាលកិច្ច ដែលជា​ស្នូល​នៃ​យុទ្ធសាស្ដ្រ​ចតុកោណ​របស់រ​រាជរដ្ឋាភិបាល ដែល​មកទល់​ឆ្នាំ​២០១៨​នេះ បានសម្រេច​វឌ្ឍនភាព​ជា​មូលដ្ឋាន ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អភិបាលកិច្ច តាមរយៈ​ការជំរុញ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាល​សាធារណៈ ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការកែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការកែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ ព្រមទាំង​ការកែទម្រង់​តាម​វិស័យ​នានា​។​

​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី ៤១ អាណត្តិ​ទី​៥ ដែលមាន​រយៈពេល​៣​ថ្ងៃ (១៨-២០​ធ្នូ​) គឺ​បានបញ្ចប់​នៅមុននេះ​បន្តិច នៅ​កោះ​ពេជ្រ​។ អរគុណ​សមាជិក​សមា​ជិ​កា ដែល​បាន​ចូលរួម​ពិភាក្សា ផ្លាស់ប្តូរ​នូវ​គំនិត យោបល់​ល្អៗ អស់​រយៈពេល​៣​ថ្ងៃ​មកនេះ ដើម្បី​រិះរក​នូវ​ផលប្រយោជន៍ សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​យើង​ទាំងមូល​។ សូម​ជូន​ពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ និង​បាន​ជួបជុំ​សប្បាយរីករាយ ជាមួយ​ក្រុមគ្រួសារ​ទាំង​អស់​គ្នា​”៕ ដោយ​៖​កូ​ឡាប​

​សូម​អាន​ខ្លឹមសារ លទ្ធផល​ផ្លូវការ នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល ៖

 

spot_img
×