ខេត្តស្វាយរៀង ៖ លោក អ៊ុក សុជាតិ រដ្ឋលេខាធិការតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោកស្រី ឯក សុវ់ណ្ណភារៈ អភិបាលរងខេត្តតំណាងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការសហការពីរដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំចសឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកម្មវិធីមហោស្រពខ្លែងឯកខ្មែរលើកទី២២ ឆ្នាំ២០១៨ នៅបរិវេណតារាងបាល់ទាត់វិទ្យាល័យស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ កងម្លាំងទាំង៣ប្រភេទ លោកអភិបាលក្រុង-ស្រុក អស់លោក លោកស្រីជា ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត សិស្សានុសិស្ស គរុសិស្ស ប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ ៦០០ នាក់ ។
យោងតាម កម្រងឯកសារស្តីពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ រៀបរៀងដោយព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ បានលើកឡើងថា «ប្រពៃណីនៃការបង្ហើរខ្លែង បានឆ្លុះបញ្ចាំងនូវចរិតរបស់សង្គមខ្មែរ ដែលរស់នៅផ្សាភ្ជាប់នឹងធម្មជាតិ ទទួលឥទ្ធិពលពីធម្មជាតិ និងប្រើប្រាស់ថាមពលធម្មជាតិសម្រាប់បម្រើការរស់នៅ និងការកម្សាន្ត ។
ម្យ៉ាងទៀត ប្រពៃណីនៃការបង្ហើរខ្លែង មិនគ្រាន់តែជាពិធីមួយធ្វើឡើងសម្រាប់ជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពិធីមួយសម្រាប់គោរពបូជាដល់សាសនាសំខាន់ទាំងពីរផង ដែរ ដែលប្រជាជនខ្មែរធ្លាប់ជឿ និងគោរពតាំងពីដើមរៀងមក គឺ ព្រហ្មញ្ញសាសនានឹងព្រះពុទ្ធសាសនា ៕ ដោយ ៖ វ៉ៃគោ