Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច កូរ៉េខាងត្បូង និង​ជប៉ុន ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ស្ទាក់​ចាប់​មី​ស៊ី​ល​កូរ៉េខាងជើង​

​មហាអំណាច​យោធា​ពិភពលោក សហរដ្ឋ​អា​មេ​រិច និង​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​កូរ៉េខាងត្បូង និង​ជប៉ុន នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ដើម្បី​ស្ទាក់​ចាប់​មី​ស៊ី​ល​របស់​ពី​កូរ៉េខាងជើង​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​យោធា​កូរ៉េខាងត្បូង​។​

​សមយុទ្ធ​ត្រីភាគី​ដើម្បី​ស្ទាក់ចាប់​មី​ស៊ី​ល​នេះ​កើតឡើង មិន​ដល់​រយៈពេល ២​សប្តាហ៏​ផង​ក្រោយពេល ទីក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​បាញ់​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ ហើយ​ដែល​រដ្ឋ​កុម្មុនិស្ត​នេះ​អះអា​ថា​ខ្លួន​បាន​សម្រេច​ជា​រដ្ឋ​នុយក្លេអ៊េ​រ និង​អាច​មាន​សមត្ថភាព​វាយប្រហារ​ដល់​គ្រប់​ទី​កន្លែង​នៃ​ទឹកដី​អា​មេ​រិច​។​

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​និយាយ​នៅក្នុង​សេចក្តីប្រកាស​ថា សមយុទ្ធ​រួម​គ្នា​រយៈពេល ២​ថ្ងៃនេះ​បាន​ធ្វើឡើង​នៅ​ដែនទឹក​ក្បែរ​ឧបទ្វីប​កូរ៉េ និង​ជប៉ុន​។​

​សេចក្តីប្រកាស​បន្ត​ទៀត​ថា “​ក្នុង​កំឡុង​ពេល​ធ្វើ​សមយុទ្ធ នាវាចំបាំង​មកពី​ប្រទេស​នីមួយៗ​នឹង​ធ្វើការ​ចាប់ និង​តាមដាន​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​កូរ៉េខាងជើង រួច​នឹង​ធ្វើការ​ចែកចាយ​ព៌តមាន​ដល់​គ្នា​”​។​

​នាវាចំបាំង​អា​មេ​រិច​ចំនួន ២​គ្រឿង​បាន​ចូលរួម​ក្នុង​សមយុទ្ធ និង​នាវា​ពីរ​គ្រឿង​ទៀត​មកពី​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​។​

​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​គឺជា​ដៃគូ​សន្តិសុខ​ជាមួយនឹង​អា​មេ​រិច បើទោះបីជា​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន​មិន​សូវ​ល្អ ដោយសារតែ​ទំនាស់​ផ្នែក​ប្រវត្តសាស្ត្រ និង​អធិបតេយ្យភាព​ក៏ដោយ​។​

​កូរ៉េខាងត្បូង និ​អាមេរិច​ទើបតែ​បញ្ចប់​ការធ្វើ​សមយុទ្ធ​ទ្រ​ង​ទ្រាយ​ធំ​របស់​ខ្លួន​កាល​ពី​សប្តាហ៏​មុន ដើម្បី​បង្ហាញ​សាច់ដុំ​ដាក់​ប្រទេស​កូរ៉េខាងជើង​។ សមយុទ្ធ​រួម​នោះដែរ ក៏​មាន​ការចូលរួម​ពី​យន្តហោះ​ទំលាក់​គ្រាប់បែក និង​យន្តហោះ​បំបាំងកាយ​អា​មេ​រិច​ជាច្រើន​គ្រឿង​ផងដែរ​។​

​ភាព​តានតឹង​កំពុង​តែ​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ ក្រោយពេល​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ប្រភេទ​ថ្មី ដែល​ខ្លួន​បាន​អះអាង​ថា អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដ៏​ធ្ងន់ និង​ធំ ហើយ​អាច​បាញ់​ដល់​គ្រប់​ទី​កន្លែង​នៃ​ទឹកដី​អា​មេ​រិច​៕ សុភ័ក្ត្រ

 

×