ភ្នំពេញ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ចំនួន ៤នាក់(ម្នាក់អតីតពិធីករ) និងគ្រឿងញៀន ជាង 1kg ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប។
ក្រោយបាត់មុខ ពីសិល្បៈអស់រយៈពេលជាយូរ អតីតពិធីករឆ្នើម ប្រចាំស្ថានីយ៍ទូរទស្សន៍ លោក ហែម បូរិទ្ធ ហៅ ឡាយ អិន ស្រាប់តែថ្មីៗនេះ បែរជាសម្ងំ រត់ពន្ធគ្រឿងញៀន ជាង១គីឡូក្រាម និងកាន់កាប់អាវុធខុសច្បាប់ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន រួមជាមួយមនុស្ស ៣នាក់ទៀត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ។
នៅរាត្រីថ្ងៃទី១៨ ពីម៉ោង២១ ដល់ម៉ោង២និង៣០នាទី ឈានចូលថ្ងៃទី១៩ ធ្នូ២០១៨ កម្លាំងជំនាញ ”ក៦” នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការនៅចំណុចមុខមជ្ឈណ្ឌលកំសាន្តរ៉ុក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាលទ្ធផល នៅចំណុច ៖ នៅមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក ឃាត់ខ្លួន ជនសង្ស័យ១នាក់(ប្រុស) ចាប់យកវត្ថុតាង ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់១៥០ក្រាម ។ នៅចំណុច ៖ មុខក្លឹបអ៊ឹមផាយអឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ១នាក់ (ស្រី)។ នៅចំណុច៖ នៅក្នុងមជ្ឈមណ្ឌលរ៉ុក បន្ទប់លេខ១០៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ជនសង្ស័យ ២នាក់(ប្រុស) ចាប់យកវត្ថុតាង ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់២២៤,៣៩ក្រាម និងអិចស្តាស៊ី១៥៦២គ្រាប់ ទម្ងន់៦០៩.៣៣ក្រាម ។ សរុបមកសមត្ថកិច្ចឃាត់ជនសង្ស័យ៤នាក់(ស្រី១នាក់) ចាប់យកវត្ថុតាង ៖ មេតំហ្វេតាមីន៣៧៤.៣៩ក្រាម អិចស្តាស៊ី៦០៩.៣៣ ក្រាម កាំភ្លើងខ្លី ១ដើម ម៉ាកឡុក។ សូមបញ្ជាក់ ៖ ជនល្មើសឈ្មោះ ស៊ិន សម្ផស្ស រឺ ស៊ិន សំភ័ស្ត ធ្លាប់ជាប់ពន្ធនាគារ១ដងពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងជាមេខ្លោង ក្នុងករណីខាងលើ ៕ ដោយ ៖ បញ្ញាស័ក្តិ