ភ្នំពេញ ៖ តាមការព្យាករណ៍អាកាសធាតុ នៅតំបន់មួយចំនួន នឹងចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី ៣០ ខែធ្នូ តទៅ និងតំបន់មួយចំនួនទៀត អាចនៅមានភ្លៀងធ្លាក់ ។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា តាមការព្យាករណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់អំឡុងខែមករា ឆ្នាំ២០១៩ ឬអាចយូរជាងនេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំងជាងបណ្ដាឆ្នាំមុនៗ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងឲ្យដឹងថា ការចុះត្រជាក់ខ្លាំងក្នុងរយៈពេលខាងលើនេះ មិនមែនរាល់ថ្ងៃនោះទេ ពោលមានថ្ងៃខ្លះត្រជាក់ខ្លាំង ហើយក៏មានថ្ងៃខ្លះក្ដៅផងដែរ។
អ្នកនាំពាក្យរូបនេះ បានថ្លែងយ៉ាងដូច្នេះថា យោងតាមការព្យាករណ៍ គឺនៅចុងខែនេះ ឬក៏ដើមខែមករា ឆ្នាំ២០១៩ នឹងចាប់ផ្ដើមចុះត្រជាក់ ហើយការត្រជាក់ឆ្នាំនេះ គឺអាចត្រជាក់ខ្លាំងជាបណ្ដាឆ្នាំមុនៗ ហើយរយៈពេលអាចយូរផងដែរ។ ការចុះត្រជាក់នេះ ក៏អាចពីចុងខែធ្នូឆ្នាំនេះ ដល់ចុងខែមករាឆ្នាំក្រោយផងដែរ៕ ដោយ ៖ កូឡាប