ខេត្តស្វាយរៀង ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៨ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញចំនួន ជាច្រើនមុខដោយផ្តោតសំខាន់ទៅលើគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង។
បើតាមមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា មន្ត្រីជំនាញបានធ្វើ Test Kits គំរូបឋម ចំនួន ១២គំរូ ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីពុំបានរកឃើញសារធាតុគីមីដែលដាក់ក្នុងមុខទំនិញនោះទេហើយក្នុងនោះមន្ត្រីកាំកុងត្រូលក៏បានពិនិត្យមើលកាលបរិច្ឆេតទៅលើមុខទំនិញជាគ្រឿងកំប៉ុងដែលដាក់តាំងលក់នៅតាមតូបនានាក្នុងផ្សារវាលយន្តផងដែរ។
មន្ត្រីកាំកុងត្រូលបានបញ្ជាក់ថារាល់ការសង្ស័យទៅលើមុខទំនិញណាមួយថាមានសារធាតុគីមីនោះប្រជាពលរដ្ឋអាចទំនាក់ទំនងជាមួយមន្ត្រីកាំកុងត្រូលផ្ទាល់បានគឺមានមន្ត្រីប្រចាំការនៅក្នុងផ្សារនិងមានឧបករណ៍ធ្វើតេស្តរកសារធាតុគីមីដើម្បីធ្វើយ៉ាងណាធានាបានសុវត្ថិភាព ម្ហូបអាហារដែលប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃកុំអោយប៉ះពាល់សុខភាព។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានញឹកញាប់បន្ថែមទៀត៕ ដោយ ៖ វ៉ៃគោ