ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារយុវជន និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលនាពេលកន្លងមកនេះ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើឲ្យខេត្ត រក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមផ្ដល់ជាប្រយោជន៍ ឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
លោកអភិបាលខេត្តបានមានប្រសាសន៏ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៨ និងលើកទិសដៅការងារខែមករា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀងដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកតំណាងព្រះរាជអាជ្ញាខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។
ទន្ទឹមនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
ទី១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ។
ទី២.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវសហការ និងគាំទ្រ ដល់ការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការកំណត់ ។
ទី៣.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដី បន្តតាមដានការប្រមូលផលស្រូវរដូវវស្សា និងការបង្កបង្កើនផលស្រូវរដូវប្រាំង ស្រូវប្រដេញទឹក ជាពិសេសត្រូវមានវិធានការរក្សាទឹកទុក សម្រាប់ត្រៀមអន្តរាគមន៍នៅពេលមានបញ្ហាណាមួយកើតឡើងដែលនាំឲ្យប៉ះពាល់ដល់ផលដំណាំរបស់ប្រជាពលរដ្ឋ ។
ទី៤.មន្ទីរ-អង្គភាព កម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងបំផុត ។
ទី៥.រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
សារជាថ្មីម្ដងទៀត លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់គ្រប់អង្គភាព-ពាក់ព័ន្ធ ក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវបន្តអប់រំ ណែនាំ និងផ្សព្វផ្សាយ កុំឲ្យប្រជាពលរដ្ឋជួលដីនៅតាមបណ្តោយព្រំដែនទៅឲ្យប្រជាពលរដ្ឋនៃប្រទេសជិតខាងជាដាច់ខាត ៕ ដោយ ៖ វ៉ៃគោ