កំពង់ស្ពឺ ៖ សង្ឃជនជាតិចិន និងជនស៊ីវិលជាជនជាតិចិន ដែលបងប្អូន ធ្លាប់តែឃើញធ្វើសកម្មភាពដើររ៉ៃអង្គាសលុយ និងលក់ គ្រាប់អង្កាំជ័រ គ្រប់ទីកន្លែង ដែលជាសកម្មភាពប្រព្រឹត្ដផ្ទុយពីគោលការណ៍ច្បាប់ របស់ព្រះរាជាណាកម្ពុជា ត្រូវសមត្ថកិច្ច ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកាលពីថ្ងៃអាទិត្យទី២៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ សូគីមិច គីរីរម្យក្នុងភូមិផ្សា ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨ បានឲ្យដឹងថា ជំនាញនគរបាល អន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបា លខេត្តកំពង់ស្ពឺ ប្រតិបត្តិការឃាត់ខ្លួនជនបរទេស ជនជាតិ ចិន ចំនួន ២នាក់ ដើរធ្វើសកម្មភាពគ្មានគោលដៅច្បាស់លាស់ និងសកម្មភាពរៃ អង្គាសប្រាក់ លក់សម្ភារៈខ្សែដៃអង្កាំជ័រ នៅ ស្រុកភ្នំស្រួច។ កាលពីថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលា ម៉ោង2និង10នាទីទៀបភ្លឺ កម្លាំងនគរបាលស្រុកភ្នំស្រួច ល្បាតដល់ចំណុច KM62-63 ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រទះឃើញនិងធ្វើការឃាត់ខ្លួន ជនបរទេស សញ្ជាតិចិន១នាក់ ឈ្មោះPENG.QINJUN ភេទប្រុស ឆ្នាំកំណើត 14.OCT.1989 លិខិតឆ្លងដែន E.០៦៩២៣៨១៤ ទិដ្ឋាការEI០១១៨៣៤៥០ ផុតកំណត់ 9.JAN.2019 ធ្វើការ សាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ទើបដឹងថា ជនជាតិចិននេះគ្មានគោលដៅ ច្បាស់លាស់ គ្មានមុខរបរ និងគ្មានទីលំនៅពិតប្រាកដ ដើរអណាថា(សតិមិនប្រក្រតី)។
កាលពីព្រឹកថ្ងៃអាទិត្យទី២៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ ចំណុចស្ថានីយ៍ប្រេងឥន្ធនៈ សូគីមិច គីរីរម្យ ក្នុងភូមិផ្សា ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានសង្ឃ ជនបរទេស សញ្ជាតិចិន ឈ្មោះ YAN FENGLONG ភេទប្រុស ឆ្នាំកំណើត 04.MAR.1961 លិខិតឆ្លងដែនលេខ EB07 049085 ជនជាតិ ចិន (សង្ឃ) ទិដ្ឋាការ 16.OCT.2018-17.JAN.2019 ដើរធ្វើសកម្មភាពរៃអង្គាសប្រាក់ និងលក់សម្ភារៈ ខ្សែដៃអង្កាំជ័រ ត្រូវបាននគរបាលឃាត់ បញ្ជូនមកជំនាញ អន្ដោប្រវេសន៍ នៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរ អំពីសកម្មភាព ដែលបានប្រព្រឹត្ដផ្ទុយពីគោលការណ៍ច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។
ក្រោយពិនិត្យឯកសារជំនាញអន្ដោប្រវេសន៍ សម្រេចធ្វើការបញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ន៧) ដើម្បីបន្តនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ