ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ជូនសាធារណជនស្តីអំពីវិធានការ ការពារសុខភាព នៅពេលមានអាកាសធាតុត្រជាក់ខ្លាំង។ បច្ចុប្បន្ននេះ អាកាសធាតុមានការប្រែប្រួល ហើយខ្យល់ត្រជាក់នៃរដូវរងាក៏បានមកដល់ហើយ ដូច្នេះ ដើម្បីការពារសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារឲ្យបានល្អ និងចៀសផុតពីជំងឺតម្តាត់ដែលអាចកើតមានជាយថាហេតុ បណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ ក្រសួងសុខាភិបាល សូមធ្វើការណែនាំពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង នូវសារអប់រំសុខភាព ការបង្ការ សុខភាព។
វេជ្ជបណ្ឌិត លី សូវ៉ាន់ បានថ្លែងថា ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់នៅចន្លោះពីខែធ្នូ ដល់ខែមករា នៃឆ្នាំ គឺភាគច្រើនមានជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្ត្រិបគូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះពោះវៀន ដោយពពួកវីរុស ជាដើម ដូច្នេះត្រូវស្លៀកពាក់ខោអាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួយនិងស្រោមដៃរងា ដើម្បីការពារកុំឲ្យធាតុត្រជាប៉ះខ្លួនប្រាណ ដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅក្នុងជាធម្មតា ជាដើម៕ ដោយ ៖ កូឡាប