ខាងក្រោមនេះ CEN សូមណែនាំវិធីសាស្ត្រធម្មជាតិមួយចំនួន ដែលអាចជួយឲ្យអ្នកបំផុតស្ត្រេសបាន។ បើអ្នកឧស្សាហ៍មានស្ត្រេស ចូរអនុវត្តន៍តាមវិធីមួយចំនួនដូចខាងក្រោម ៖
ដាំដើមរុក្ខជាតិ
របស់ទាំងនេះអាចជារបស់លុបបំបាត់ភាពស្ត្រេសយ៉ាងអស្ចារ្យ ព្រោះវានឹងបង្កើតបាននូវបរិយាកាសដ៏ល្អផូរផង់ក្នុងផ្ទះ។ ដូច្នេះវាអាចជាគំនិតដ៏ល្អមួយក្នុងការបញ្ចេញចោលនូវរុក្ខជាតិជ័រៗចេញពីបន្ទប់ ហើយជំនួសវិញនូវរុក្ខជាតិពិតៗវិញ។
ពន្លឺធម្មជាតិ
បើសិនជាអ្នកមិនព្រមប៉ះពាល់នឹងពន្លឺព្រះអាទិត្យទេ អ្នកអាចនឹងមានភាពតានតឹងក្នុងអារម្មណ៍ច្រើន បាក់ទឹកចិត្ត និងមានបញ្ហាសុខភាពថែមទៀត។ កាលណាអ្នកជំរុញខ្លួនឯងប៉ះពាល់នឹងពន្លឺធម្មជាតិកាន់តែច្រើន អ្នកនឹងមានអារម្មណ៍កាន់តែល្អទាំងផ្លូវកាយនិងចិត្ត។ ដូច្នេះក្នុងបន្ទប់គួរតែបើកទ្វារដើម្បីអនុញ្ញាតិពន្លឺព្រះអាទិត្យចូលខ្លះហើយ។
ទឹកហូរ
ការហូររបស់ទឹកនឹងបង្កើតបាននូវសម្លេងពោរពេញដោយភាពរីករាយ ដែលធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែល្អ។ ដូច្នេះ ចូរដាក់ផើងទឹកហូរមួយក្នុងផ្ទះដើម្បីជំរុញដល់ថាមពលក្នុងរាងកាយទៅ ។
ផ្កាចម្រុះពណ៌
វិធីសាស្ត្រដ៏អស្ចារ្យមួយក្នុងការលុបបំបាត់ភាពស្ត្រេសក្នុងជីវិតគឺ ការដាក់ផ្កាចម្រុះពណ៌ក្នុងបន្ទប់គេង។ ផ្កានឹងជួយសម្រួលដល់អារម្មណ៍ និងជួយផ្តាច់នូវអារម្មណ៍តានតឹងដែលបានមកពីខាងក្រៅបាន ។
សម្លេងធម្មជាតិ
សម្លេងរបស់ធម្មជាតិអាចជួយឲ្យបេះដូងដើរធម្មតាវិញ ព្រមទាំងសម្រួលដល់សរសៃប្រសាទដែលកំពុងតែនឿយហត់បាន។ ដូច្នេះ អ្នកគ្រាន់តែប្រើពេលវេលាខ្លះលេងជាមួយសត្វបក្សី ឬទះទឹកលេងក៏បានដែរ។ ចំពោះសម្លេងទឹកភ្លៀង និងសម្លេងទឹកហូរក៏អាចជួយឲ្យធូរស្រាលក្នុងអារម្មណ៍ច្រើនដែរ ៕ សុភ័ក្ត្រ
ប្រភព៖ health