កាលពីម្សិលមិញនេះ សារព័ត៌មានអនឡាញជាច្រើន បាននាំគ្នាចុះផ្សាយព្រោងព្រាត ដើម្បីជួយផ្សព្វផ្សាយព័ត៌មានបន្តទាក់ទងនឹងការរៃអង្គាសមូនិធិ ដើម្បីជួយដល់ក្មេងៗជនបទដាច់ស្រយាល់ជាច្រើន ដែលកំពុងតែខ្វះខាតជាខ្លាំងគ្មាននូវសម្ភារសិក្សា ដែលជាការបង្កើតឡើងដោយសប្បុរសជនមួយក្រុម ប៉ុន្តែ ឥឡូវនេះត្រូវបានចោទប្រកាន់ថាជាទង្វើកំពុងដើរបោកប្រាស់មហាជន ព្រោះពួកគេបានយក «រូបភាពពីស្ថានភាពដ៏យ៉ាប់យ៉ឺនកាលពី១០ឆ្នាំមុន» ដែលខុសគ្នាទាំងស្រុងពីស្ថានភាពកូនសិស្ស និងសាលារៀនបច្ចុប្បន្ន ។
ទាក់ទងនឹងរឿងដ៏គួរឲ្យហួសចិត្តនេះផងដែរ ថ្មីៗនេះ លោក គង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានចេញមុខបដិសេធទាំងស្រុងនៅលើគណនីហ្វេសប៊ុករបស់លោកថា៖
«ខ្ញុំបាទ តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន សូមបដិសេធទាំងស្រុងចំពោះការបង្ហោះតាម Page Cambodua News , Page ដំណឹង ទាន់ហេតុការណ៏ , Page Khmer Press ជាការបោកប្រាស់ ដោយយកស្ថានភាពសាលារៀនដាច់ស្រយាលមួយក្នុងខេត្តប៉ៃលិន តាំងពី 07ឆ្នាំមុន( 2010) ដែលសាលាទើបក៏កើតថ្មី ។ បច្ចុប្បន្ន សាលារៀនមានអគារសិក្សា 1 ខ្នង 3 បន្ទប់ សមរម្យ សិស្ស និងប្រជាពលរដ្ឋមានជីវិភាពធូរធារសមរម្យ (ខ្ញុំនឹងបង្ហោះជូនជាបន្តបន្ទាប់នូវស្ថានភាពបច្ចុប្បន្ន នៃសាលារៀនបឋមសិក្សាខកមូស)។
សូមបងប្អូនកុំជឿ ការបោកប្រាស់នេះ ពួកគេបានយករូបភាពនេះ ដើម្បីធ្វើអាជីវកម្ម ប្រមូលថវិកា ជាច្រើនដងមកហើយ» ៕ ដោយ៖ ឧត្តម