ចំនួនអ្នកស្លាប់ពីការវាយប្រហារពីសំណាក់រលកស៊ូណាមិ នៅលើកោះ Java និង Sumatra បានកើតដល់ចំនួន ៣៧៣នាក់ ចំណែកអ្នករងរបួសវិញមានចំនួន ១.៤៥៩នាក់ និងបាត់ខ្លួនចំនួន ១២៨នាក់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី ។
ក្រុមអ្នកជួយសង្គ្រោះកំពុងតែដុតដៃដុតជើង ស្វែងរកអ្នកនៅរស់រានមានជីវិត ក្រោយពេលហេតុការណ៍រលកស៊ូណាមិដែលកើតឡើងដោយសារតែការផ្ទុះភ្នំភ្លើង។ អ្នកជំនាញក៏បានព្រមានឲ្យមានការប្រុងប្រយ័ត្ន ព្រោះរលកស៊ូណាមិអាចនឹងកើតមានឡើងទៀត ដោយសារតែភ្នំភ្លើងនៅតែមានសកម្មភាព។
ផ្ទះរាប់រយខ្នង សណ្ឋាគារ និងហាងជាច្រើនកន្លែងរងការបំផ្លិចបំផ្លាញ ដោយរលកស៊ូណាមិ នៅតំបន់ឆ្នេរ Sumatra និង Java ដែលបានកើតឡើងកាលពីថ្ងៃសៅរិ៍កន្លងទៅនេះ នៅម៉ោងប្រហែល ៩កន្លះយប់។
ប្រធានាធិបតី ឥណ្ឌូនេស៊ី Joko Widodo បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះកាលពីថ្ងៃច័ន្ទម្សិលមិញនេះ។
សូមបញ្ជាក់ថា កាលពីជាង ២ខែមុន រលកយក្សស៊ូណាមិបានវាយប្រហារទីក្រុងមួយ ស្ថិតនៅលើកកោះ Sulawesi បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរងរបួស៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia