ខេត្តមណ្ឌលគិរី ៖ មន្ត្រីឧទ្យានុរក្សស្នាក់ការកង់រ៉ូឡង់ និងទួលស្វាយ នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ កាលពីអាទិត្យ និងថ្ងៃចន្ទ ទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៨ បានបន្តចុះអប់រំនិងផ្សព្វផ្សាយសេចក្ដីជូនដំណឹងស្ដីពីការហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រានកាន់កាប់ដីព្រៃធ្វើជាកម្មសិទ្ធិ ការទិញ-លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ-លក់ដីរដ្ឋខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ឋិតនៅភូមិសាស្ត្រភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃភ្នំណាមលៀរ។
ការចុះអប់រំ និងផ្សព្វផ្សាយនេះ បន្ទាប់ពីមន្ត្រីឧទ្យានុរក្សពិនិត្យឃេីញសកម្មភាពលួចកាប់រុករាន កាប់ដីព្រៃ និងបោះបង្គោលចាប់យកដីព្រៃធ្វេីជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ហើយមន្ត្រីឧទ្យានុរក្សបានយកសេចក្ដីជូនដំណឹងលេខ ៩៣២ សជណ.បស្ថ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ យកទៅបិទផ្សាយនៅតាមផ្ទះ និងនៅតាមដើមឈើតាមដងផ្លូវផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ