រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅនេះ គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យបង្អែកបាទី ក្នុងខេត្តតាកែវ ដោយបានប្រគល់ជូនគ្រឿងបរិក្ខារពេទ្យជាច្រើន សម្រាប់សម្រួលដល់ការសម្រាលទារក រួមមានអេកូស្ទង់ចង្វាក់បេះ ដូងទារកក្នុងផ្ទៃម្តាយ ឧបករណ៍វាស់ចង្វាក់បេះដូងទារក និងអ្នកជំងឺ គ្រែសម្រាប់សម្រាលកូន គ្រែសម្រាកសម្រាប់អ្នកជំងឺ គ្រែសម្រាប់អ្នកជំងឺសង្គ្រោះបន្ទាន់ កៅអីរុញ និងតុសម្រាប់ដាក់សម្ភារៈពេទ្យជាដើម។
សកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ CIMB លើកនេះ គឺផ្តោតសំខាន់លើផ្នែកសម្ភពនៅតាមជនបទ ក្រោមពាក្យស្លោក «ធនាគារ CIMB យកចិត្តទុកដាក់លើសុខភាពមាតា និងកុមារ»។
លោកប៊ុន យីន ប្រធាននាយកប្រតិបត្តិ របស់ធនាគារ CIMB បានថ្លែងក្នុងកម្មវិធីសប្បុរសធម៌នេះថា៖ «ធនាគារ ស៊ីអាយអិមប៊ី បានប្រកាន់លើគោលការណ៍ឲ្យត្រលប់ជូនទៅសហគមន៍មួយចំណែក ពីប្រាក់ចំណេញរបស់ធនាគារ ពីការធ្វើអាជីវកម្មក្នុងតំបន់នោះ។ ស្របតាមការប្តេជ្ញាចិត្តរបស់ធនាគារ ដែលតែងតែបានរួមចំណែកជួយត្រឡប់ ដល់សហគមន៍នានា ក្នុងប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះ ធនាគារបានជ្រើសយកគម្រោងលើកកម្ពស់សុខភាពមាតា និងកុមារ គឺដើម្បីចូលរួមចែករំលែក និងលើកស្ទួយដល់សុខមាលភាពរបស់ប្រជាជន និងនិរន្តភាពរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់នូវជំនួយជាធនធាន សម្រាប់ការថែទាំសុខភាព ជាពិសេសការថែទាំស្ត្រីឆ្លងទន្លេ ទារក និងបងប្អូនប្រជាពលរដ្ឋ កំពុងរស់នៅក្នុងភាពក្រីក្រ ដែលពុំមានលទ្ធភាពទទួលបានសេវាសុខភាពពេញលេញ។»
មិនតែប៉ុណ្ណោះ លោកប៊ុន យីន បានបញ្ជាក់ផងដែរថា ការសម្រាលទារករបស់ម្តាយ ប្រកបដោយភាពជោគជ័យ និងមានសុវត្ថិភាព គឺជាសុភមង្គលពិតប្រាកដរបស់គ្រួសារនីមួយៗ។ ហើយបើអ្នកម្តាយគ្រប់រូបពុំទទួលបានសេវាសុខភាពល្អគ្រប់គ្រាន់ទេនោះ ទារក និងកុមារទាំងឡាយក៏នឹងមានសុខភាពទន់ខ្សោយទៅ តាមនោះដែរ។ ហេតុដូច្នេះហើយ ធនាគារ CIMB ពិតជាមានក្តីសោមនស្សរីករាយ ក្នុងការរួមចំណែកយកចិត្តទុកដាក់ ដល់សុវត្ថិភាព និងសុខភាពមាតា និងទារក នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅមន្ទីរពេទ្យបង្អែកបាទី ខេត្តតាកែវនេះតែម្តង។ ហើយសម្រាប់ឆ្នាំបន្តបន្ទាប់ ធនាគារ CIMB នឹងមានផែនការលើកកម្ពស់សកម្មភាពទំនួលខុសត្រូវសង្គម នៅតាមសហគមន៍នានា ឲ្យទទួលបាននូវអត្ថប្រយោជន៍យូរអង្វែង ជាបន្តបន្ទាប់។
ថ្លែងក្នុងពិធីប្រគល់គ្រឿងបរិក្ខារពេទ្យរបស់ធនាគារ CIMB លោកវេជ្ជបណ្ឌិត សៅ ចាន់ថា ប្រធានមន្ទីរពេទ្យបង្អែកបាទី បានមានប្រសាសន៍ថា៖ «ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ CIMB ដែលបានអញ្ជើញមក និងឧបត្ថម្ភសម្ភារៈពេទ្យជាច្រើន ដល់មន្ទីរពេទ្យយើងខ្ញុំ។ គ្រឿងបរិក្ខារពេទ្យទាំងអស់នេះ គឺពិតជាចាំបាច់ណាស់ សម្រាប់បង្កើនការផ្តល់សេវាសុខាភិបាល និងជាពិសេសការសម្រាលកូន ដល់ប្រជាពលរដ្ឋក្នុងសហគមន៍យើងខ្ញុំ។ ជាក់ស្តែងអេកូស្ទង់ចង្វាក់បេះដូងទារកក្នុងផ្ទៃម្តាយ ដែលមានភាពទំនើបនេះ គឺពិតជាមានគុណប្រយោជន៍ខ្លាំងណាស់ សម្រាប់គ្រូពេទ្យរបស់យើងខ្ញុំពិនិត្យអ្នកជំងឺ ហើយមន្ទីរពេទ្យយើងខ្ញុំទើបតែមានប្រើជាលើកទី១ផងដែរ។ ជាចុងក្រោយនេះ ខ្ញុំសូមកោតសរសើរដល់ធនាគារ CIMB សម្រាប់ការឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកបាទី និងសហគមន៍ដទៃទៀត ក្នុងប្រទេសកម្ពុជា ហើយខ្ញុំសូមលើកទឹកចិត្តឲ្យមានក្រុមហ៊ុន និងស្ថាប័នឯកជនកាន់តែច្រើនឡើង ចូលរួមចំណែក ក្នុងការអភិវឌ្ឍសហគមន៍ និងសង្គមជាតិ»។
ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម ក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១០ ហើយបច្ចុប្បន្នមានសាខាចំនួន១៣ ក្នុងរាជធានី និងខេត្តសំខាន់ៗ។ ជាផ្នែកមួយរបស់ស៊ីអាយអិមប៊ី គ្រុប ដែលជាធនាគារសាកលឈានមុខគេមួយ ក្នុងតំបន់អាស៊ាន ធនាគារ CIMB តែងតែរៀបចំកម្មវិធីទំនួលខុសត្រូវសង្គម ជារៀងរាល់ឆ្នាំ ទៅតាមគម្រោងផ្សេងៗគ្នា និងបានរួមចំណែកផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង៣លាននាក់ ទូទាំងតំបន់អាស៊ានផងដែរ ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។ ស្របតាមកំណើនលទ្ធផលប្រតិបត្តិការប្រចាំឆ្នាំ ធនាគារ CIMB តែងតែពង្រីកសកម្មភាពសប្បុរសធម៌របស់ខ្លួន ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយសម្រាប់ឆ្នាំបន្ទាប់ទៀត ធនាគារ CIMB នឹងខិតខំបន្តសកម្មភាពសប្បុរសធម៌របស់ខ្លួន ដែលមានសារៈសំខាន់ និងចាំបាច់បំផុត សម្រាប់សហគមន៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ២៣,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការផងដែរ។
ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ធនាគារនេះមានផ្តល់ជូនសេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង។ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាននៅប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និងឡាវ)។ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៩០០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុងចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនជាង ១.០០០ ក្រុមហ៊ុន នៅក្នុងតំបន់ ។
ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារវិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៣,៧% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។
ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៣៨,១ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិកសរុបជាង ៣៩.០០០នាក់ នៅក្នុងប្រទេសចំនួន ១៥ ៕ ដោយ៖កូឡាប