ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីចោទប្រកាន់ប្រពន្ធថាមានទំនាក់ទំនងស្នេហាជាមួយបុរសផ្សេង ហើយបានយកសាំងចាក់ស្រោចលើប្រពន្ធ រួចដុត នាងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរមួយចំហៀងខ្លួន ខណៈស្ត្រីរូបនេះកំពុងដេកលើអង្រឹង។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៩ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលស្រុក បានឱ្យដឹងថា: ជនសង្ស័យ រូបនេះ ឈ្មោះ នួន ស៊ីយាន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ។
ចំណែកឯ ប្រពន្ធ (ជនរងគ្រោះ ) មានឈ្មោះ រិន ពៅ អាយុ២៩ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា: ករណីហិង្សានេះ គឺបានកើតឡើងដោយសារជម្លោះប្រចណ្ឌរវាងប្តីប្រពន្ធ។
ជនសង្ស័យបានចោទប្រពន្ធថាមានទំនាក់ទំនងស្នេហាជាមួយបុរសផ្សេង ហើយដោយសារកំហឹង ក៏ទិញសាំងយកមកចាក់ស្រោចលើប្រពន្ធ មុនពេលដុតបង្កឱ្យមានរបួសធ្ងន់ធ្ងរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា: ខ្លួនមានចេតនាសម្លាប់ប្រពន្ធ ហើយថែមទាំងមានគម្រោងតាមសម្លាប់បុរសដែលខ្លួនសង្ស័យថាជាសហាយរបស់ប្រពន្ធទៀតផង។
ទោះជាយ៉ាងណា ជនសង្ស័យមិនបានបញ្ជាក់អត្តសញ្ញាណបុរសដែលខ្លួនចោទប្រកាន់នោះទេ។
ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗ។
បច្ចុប្បន្ននេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




