ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានសម្រេចនិរាករណ៍លិខិតទទួលស្គាល់លោក សេង ម៉ារ៉ាឌី ជាប្រធានគណបក្សឆន្ទៈខ្មែរ បន្ទាប់ពីការធ្វើអធិការកិច្ចរកឃើញថា ដំណើរការដកសេចក្តីទុកចិត្តលើប្រធានគណបក្សចាស់ និងការជ្រើសតាំងប្រធានគណបក្សថ្មី មិនបានអនុវត្តតាមនីតិវិធីច្បាប់ និងលក្ខន្តិកៈរបស់គណបក្សឡើយ។
យោងតាមលិខិតចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងបានសម្រេចនិរាករណ៍លិខិតលេខ ២២០៤ សជណ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដែលបានទទួលស្គាល់លោក សេង ម៉ារ៉ាឌី ជាប្រធានគណបក្សឆន្ទៈខ្មែរ។
ការសម្រេចនេះ បានធ្វើឡើងក្រោយក្រុមការងារជំនាញក្រសួងមហាផ្ទៃចុះធ្វើអធិការកិច្ចលើដំណើរការរៀបចំកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដែលបានសម្រេចដកសេចក្តីទុកចិត្តលើលោក សុក ហាច ពីតំណែងប្រធានគណបក្ស និងជ្រើសតាំងលោក សេង ម៉ារ៉ាឌី ជាប្រធានគណបក្សថ្មី។
តាមលទ្ធផលអធិការកិច្ច ក្រសួងមហាផ្ទៃបានរកឃើញថា កិច្ចប្រជុំ និងដំណើរការជ្រើសតាំងប្រធានគណបក្សថ្មីនេះ មិនបានប្រព្រឹត្តទៅស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃនោះទេ។
ដោយផ្អែកលើលទ្ធផលនេះ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា លោក សុក ហាច នៅតែជាប្រធានគណបក្សឆន្ទៈខ្មែរដដែល រហូតដល់ចប់អាណត្តិ ដោយការទទួលស្គាល់លោក សេង ម៉ារ៉ាឌី ជាប្រធានគណបក្ស ត្រូវបាននិរាករណ៍ជាផ្លូវការ។
ក្រសួងមហាផ្ទៃក៏បានណែនាំថា ប្រសិនបើគណបក្សឆន្ទៈខ្មែរមានបំណងផ្លាស់ប្តូរប្រធានគណបក្សនៅពេលខាងមុខ គណបក្សត្រូវរៀបចំមហាសន្និបាត ឬសមាជតាមនីតិវិធីឱ្យបានត្រឹមត្រូវ ដោយគោរពតាមច្បាប់ និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






