ខេត្តស្វាយរៀង ៖ លោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀងបានបញ្ជូនក្រុមការងារ យកសាលក្រមស្ថាពរចុះរុះរើផ្ទះរបស់លោកយាយ កឹមសារ៉ាត់នៅថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៨តែការរុះរើនេះត្រូវបានពន្យារពេល ដោយសារមានការតវ៉ាខ្លាំងៗពីប្រជាពលដ្ឋមេភូមិនិងមេឃុំ ខណ:ដែលប្រជាពលរដ្ឋចំនួន១០៦គ្រួសារ បាននាំគ្នាផ្ដិតមេដៃអះអាង បញ្ជាក់ថា លោកយាយ កឹម សារ៉ាត់ ជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់ នៅចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក យ៉ាងពិតប្រាកដ ដោយរស់នៅយ៉ាងសុខសាន្ត តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ។
ទាក់ទងករណីនេះមេភូមិ មេឃុំ និងមេប៉ុស្តិ៍មិនបានសហការឱ្យរុះរើផ្ទះនិងយកដីរបស់លោកយាយកឹមសារ៉ាត់នេះដោយពួកគាត់អះអាងថា លោកយាយ កឹម សារ៉ាត់ នៅ តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះរហូតមកដល់បច្ចុប្បន្ន ។
យោងតាមលិខិត ដែលចុះហត្ថលេខានិងផ្តិតមេដៃ ទទួលស្គាល់ដោយ លោក នន់ សាផន មេភូមិកំពង់ត្រាច និង លោក យូ យ៉ុន មេឃុំកំពង់ត្រាចបានបញ្ជាក់ថា “ឈ្មោះ កឹម សារ៉ាត់ ភេទស្រី ពិតជាមានដីបណ្ដោយទំហំ ៦៥ម៉ែត្រ និង ទទឹង ២៨ម៉ែត្រ បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃ។ ដីនេះមិនមានការពាក់ព័ន្ធ ក្នុងការជាប់កិច្ចសន្យាលក់ ឬបញ្ចាំទៅឲ្យបុគ្គលណាម្នាក់ ឬស្ថាប័នណាឡើយ” ។
បើយោងតាមសេចក្ដីអះអាង ដែលផ្ដិតមេដៃ ដោយប្រជាពលរដ្ឋ ចំនួន១០៦ គ្រួសារបានបញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នា ជាប្រជាជន រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង សូមជួយផ្តិតមេដៃ និងគាំទ្រដី លោកយាយ កឹម សារ៉ាត់ ដែលមានទំហំ ៦៥ម៉ែត្រ និងទទឹង២៨ម៉ែត្រ ដោយមេភូមិ និងមេឃុំកំពង់ត្រាចបានចែក ឲ្យរស់នៅតាំងពីថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩” ។
ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋក៏ដូចជាមហាជនដែលដឹងដំណើររឿងដីខាងលើនេះបានបង្ហាញ ការងឿងឆ្ងល់យ៉ាងខ្លាំង ដោយចោទជាសំណួរទៅកាន់ លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ថាលិខិត ជូនដំណឹងបញ្ជាក់ថា នឹងចុះរុះរើផ្ទះឬ ខ្ទមចេញនៅភូមិតាត្រាវ ចុះហេតុអ្វីបានជាគ្រោងរុះរើផ្ទះរបស់ លោកយាយ កឹម សារ៉ាត់ ដែលស្ថិតនៅទីតាំងភូមិកំពង់ត្រាចទៅវិញ ដែលមានចម្ងាយ ខុសគ្នារាប់គីឡូម៉ែត្រ? ( គួរចុះអង្កេតដល់ទីកន្លែងទើបដឹងការពិត) ។
សូមបញ្ជាក់ផងដែរថា ៖ ករណីនេះគឺកន្លងមកធ្លាប់មានការចេញដីកា ក៏ដូចជាលិខិតជូនដំណឹងឱ្យរុះរើជាច្រើនដងស្ទើររាប់មិនអស់ប្រហែលជា១០ឆ្នាំហើយគឺដីកាចេញមកខុសឈ្មោះទីតាំងភូមិក្នុងដីកា ឬលិខិតជូនដំណឹងសរសេរថាៈឱ្យរុះរើផ្ទះ ឬខ្ទមចេញពីភូមិតាត្រាវឃុំកំពង់ត្រាចតែដីវិញស្ថិតនៅភូមិកំពង់ត្រាចឃុំកំពង់ត្រាចទៅវិញ? វាជារឿងដដែលៗដោះមិនចេញទេហើយដីនេះបើតាមការអះអាងរបស់អាជ្ញាធរភូមិ-ឃុំ រួមនិងប្រជាពលរដ្ឋនោះគឺឈ្មោះកឹម សារ៉ាត់ ពិតជាមានដីនៅទីនេះបានរស់នៅតាំងតែពីឆ្នាំ១៩៧៩មកម្ល៉េះចុះហេតុអ្វីបានជាមិនចប់មិនហើយចឹង?រឺមួយនៅបក់ផ្សែងឱ្យហុយមិនព្រមពន្លត់ភ្លើងទៅវិញ?៕ ដោយ ៖ វ៉ៃគោ