ព្រះសីហនុ៖ អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋមានប្រាក់ចំណូលទាប រស់នៅខេត្តព្រះសីហនុភាគច្រើន បានអះអាងថា អ្នកវិនិយោគទុនចិន ឬជនជាតិចិន បង្ហាញវត្តមានច្រើនកុះករ នាមូលដ្ឋានខេត្តព្រះសីហនុ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមិនបានជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋទូទៅ ឬប្រជាពលរដ្ឋមានប្រាក់ចំណូលទាប ពិសេសពលរដ្ឋធ្វើចំណាកស្រុក មករកកាងារធ្វើ និងជួលផ្ទះគេរស់នៅ ក្នុងមូលដ្ឋាននេះទេ ប៉ុន្តែបានកើនប្រាក់ចំណូលតែចំពោះឈ្មួញមានទ្រព្យ ឬបុគ្គលមានអាគារធំៗ ផ្ទះសម្រាប់ជួល សណ្ឋាគារ និងដីសម្រាប់លក់ និងជួល ឲ្យជនជាតិចិនតែប៉ុណ្ណោះ។
អ្នកឃ្លាំមើលការងារអភិវឌ្ឍសង្គមមួយចំនួន បានប្រាប់អ្នកយកព័ត៌មានគេហទំព័រ CEN.COM.KH ប្រចាំខេត្តព្រះសីហនុ ដឹងថា អ្នកវិនិយោគទុនចិន បង្ហាញវត្តមានច្រើននាខេត្តព្រះសីហនុ មិនមានផលប្រយោជន៍ច្រើន ឬមិនបានកើនដល់ប្រាក់ចំណូលចិញ្ចឹមគ្រួសារសម្រាប់អាជីវករជនជាតិខ្មែរមានរបរតូចតាច ពិសេសពលរដ្ឋរស់នៅខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ដែលមានការងារជាកម្មករ ឬមានមុខរបរកំប៉ិកកំប៉ុក ជាពិសេសមន្ត្រីរាជការរដ្ឋ មានប្រាក់ចំណូលទាបនោះទេ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី បង្ហាញទស្សនៈថា វត្តមានអ្នកវិនិយោគទុនចិន ឬជនជាតិចិន ទាំងនោះ ពួកគេភាគច្រើនបានមករកស៊ី និងវេចលុយត្រឡប់ទៅកាន់ស្រុកគេវិញស្ទើរទាំងស្រុង។ អ្នកស្រីបន្ថែមថា វត្តមានជនជាតិចិន នាខេត្តព្រះសីហនុ គឺមានលក្ខណៈខុសប្លែកពីភ្ញៀវទេសចរមកពីសហគមន៍អឺរ៉ុប ដោយពួកគេចូលមកទស្សនា ឬចូលមកខេត្តព្រះសីហនុ បានយកលុយមកចាយនៅខេត្តទេសចរណ៍មួយនេះ ហើយចំណេញដល់អាជីវករ និងប្រជាពលរដ្ឋមានរបរខ្នាតតូចសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
អ្នកស្រី សុធារី កត់សម្គាល់ថា អ្នកដែលបានទទួលផលប្រយោជន៍ភាគច្រើនតែទៅលើបុគ្គល ឬអ្នកមានសំណង់អគារធំៗមានផ្ទះសំណាក់ សណ្ឋាគារ និងក្លឹបកម្សាន្តសម្រាប់ដាក់ជួល ឬលក់ឲ្យចិន បើកធ្វើអាជីវកម្មតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រតិបត្តិករទេសចរ ឬអាជីវករប្រកបរបរតូចតាច ពិសេសពលរដ្ឋធ្វើចំណាកស្រុក ចូលមករកការងារធ្វើ ក្នុងខេត្តព្រះសីហនុ ហើយជួលផ្ទះគេស្នាក់នៅ គឺបានប៉ះពាល់ធ្ងន់ធ្ងរទៅលើជីវភាពប្រចាំថ្ងៃ របស់ពួកគេ ដោយម្ចាស់ផ្ទះជួល បានតម្លើតតម្លៃខ្ពស់កប់ពពក ឬមិនជួលឲ្យខ្មែររស់នៅទេ ដោយទុកផ្ទះជួលទាំងនោះ ជួលឲ្យជនជាតិចិន ដែលជួលតម្លៃប្រចាំខែមានតម្លៃខ្ពស់ជាដើម។ ដូច្នេះសរុបមក ចិនបង្ហាញវត្តមានច្រើន នាខេត្តព្រះសីហនុ គឺសម្រាប់ពលរដ្ឋមានជីវភាពក្រីក្រ និងមានរបរជាកម្មករ មន្ត្រីរាជការថ្នាក់ទាប មានប្រាក់ចំណូលទាប គឺមិនទទួលបានប្រយោជន៍ច្រើន ពីវត្តមានអ្នកជំនួញចិន ចូលមកខេត្តព្រះសីហនុនោះទេ។
ចំណែកប្រតិបត្តិករទេសចរមួយចំនួន នាខេត្តព្រះសីហនុ ក៏បានកត់សម្គាល់ថា អ្នកវិនិយោគទុនជនជាតិចិន និងភ្ញៀវទេសចរចិន ហ៊ានជួលសំណង់អគារធំៗ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ និងក្លឹបកម្សាន្តជាដើម ក្នុងតម្លៃខ្ពស់ដើម្បីបើកធ្វើអាជីវកម្មផ្សេងៗ មានភោជនីយដ្ឋាន ពិសេសកាស៊ីណូ សណ្ឋាគារជាដើមនេះ គឺភ្ញៀវ ឬអតិថិជនគាំទ្រភាគច្រើន គឺជាភ្ញៀវជនជាតិចិនគ្នាគេតែម្តង។
ប្រតិបត្តិករខ្លះ ឲ្យដឹងថា ភាគច្រើននៃអ្នកវិនិយោគទុនចិន បានចាប់យកជំនួញលើវិស័យឧស្សាហកម្ម រោងចក្រ សណ្ឋាគារ កាស៊ីណូ ក្លឹបកម្សាន្ត និងភោជនីយដ្ឋានជាដើម ក្នុងនោះភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកកម្សាន្តខេត្តព្រះសីហនុ ជាអតិថិជនគាំទ្រការធ្វើជំនួញរបស់អ្នកវិនិយោគទុនចិន ទាំងនោះ។
អាជីវករភាគច្រើនបានអះអាងថា ពួកគេទទួលបានប្រាក់ចំណូលពីភ្ញៀវជនជាតិចិន មករកសេវាបម្រើការធ្វើអាជីវករលក់ដូរទំនិញ សេវាបម្រើលក់ម្ហូបអាហារ និងសេវាដឹកជញ្ជូនជាដើម គឺមានចំនួនតិចតួចប៉ុណ្ណោះ ព្រោះអ្នកជំនួញជនជាតិចិន មានមធ្យោបាយគ្រប់គ្រាន់ ឬបើកធ្វើជំនួញទាំងអស់នោះដោយខ្លួនឯងថែមទៀត។
ផ្ទុយពីការអះអាងនេះ សម្រាប់អ្នកមានសំណង់អគារធំៗសម្រាប់ដាក់ជួល ឬលក់ មានដូចជាអគារសំណង់ធំៗ បន្ទប់ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្តឌីស្កូ និងក្លឹបខារ៉ាអូខេជាដើមនាខេត្តព្រះសីហនុ សម្រាប់លក់ ឬជួលឲ្យជនជាតិចិន បានគាំទ្រវត្តមានជនជាតិចិន ហូរចូលមកមូលដ្ឋាននេះ។ ឈ្មួញទាំងនោះចាត់ទុកវត្តមានរបស់ជនជាតិចិន ឬអ្នកវិនិយោគិនចិន ដែលបានមករកជួលបន្ទប់ ជួលអាគារធំៗ មានផ្ទះសំណាក់ សណ្ឋាគារប្រណិតៗ និងក្លឹបកម្សាន្តជាដើម ក្នុងតម្លៃខ្ពស់ថា បានបង្កើនប្រាក់ចំណូលសម្រាប់ជំនួញពួកគេមានកំណើនខ្ពស់។
ត្រង់ចំណុចនេះ លោក ស្រេង វ៉ាន់លី មន្ត្រីអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ បានកត់ សម្គាល់ថា រាល់ថ្ងៃនេះ ឃើញមានបុគ្គលមួយចំនួន ដែលមានអាគារ ឬផ្ទះជួល ឲ្យចិន ពួកគេបានឲ្យតម្លៃ និង ចាត់ទុកវត្តមានអ្នកវិនិយោគជនជាតិចិន ឬជនជាតិចិន បង្ហាញវត្តមានច្រើន នាខេត្តព្រះសីហនុ ថាជាស្តេច ឬឲ្យ តម្លៃជាងខ្លួនឯងទៅទៀត ព្រោះមានបុគ្គលខ្លះ ដែលមានបន្ទប់ជួល ឬផ្ទះជួល និងសំណង់អាគារផ្សេងៗ កំពុង រស់នៅរាល់ថ្ងៃសុខៗ ក៏បានជួលឲ្យចិនអស់ ហើយខ្លួនឯងបែរជាស្ទើរកបន្ទប់សម្រាប់ផ្តល់ឲ្យក្រុមគ្រួសារ ឱពុក ម្តាយ និងកូនចៅខ្លួនឯងស្នាក់នៅ ស្ទើរពុំបាន ព្រោះចិនបានជួលក្នុងតម្លៃខ្ពស់។ ជាងនេះទៀតក៏មានបុគ្គលខ្លះ បានវេចបង្វិច ចាកចេញពីផ្ទះខ្លួនឯងកំពុងរស់នៅ ដោយត្រូវជួលឲ្យចិន ហើយបានងាកទៅរកផ្ទះជួលនៅជាយ ក្រុង ដែលមានតម្លៃទាប ឬទីតាំងឆ្ងាយពីទីប្រជុំជនជាដើម ដើម្បីរស់នៅជំនួសវិញ ព្រោះមហិច្ឆិតាលោភលន់អំណាចទឹកប្រាក់ របស់ចិនផ្តល់ជូន។
ងាកមកភ្ញៀវទេសចរជាតិដែលចូលទៅកម្សាន្តខេត្តព្រះសីហនុ ភាគច្រើនបានរអ៊ូរទាំថា វត្តមានជនជាតិចិន បង្ហាញវត្តមានច្រើនកុះករបានបង្កឲ្យមានភាពរញ៉េរញ៉ៃ និងប៉ះពាល់ដល់វិស័យទេសចរណ៍នាមូលដ្ឋាននេះទៅវិញ។ ភ្ញៀវជាតិឲ្យដឹងថា កន្លងទៅនេះ ពួកគេសង្កេតឃើញមានបុគ្គលជនជាតិចិន ខ្លះបានបង្កបទល្មើសចាប់ជំរិតទារប្រាក់ ឬបង្ហាញអត្តចរិតកោងកាច វាយកាប់ចាក់គ្នានៅតាមទីសាធារណៈ និងនៅតាមហាងផឹកស៊ី បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលចូលមកទស្សនាខេត្តព្រះសីហនុ ដោយបង្ហាញកាយវិការមិនខ្លាចញញើតកម្លាំងសមត្ថកិច្ចថែមទៀតផង។
ត្រង់ចំណុចនេះ ភ្ញៀវទេសចរជាតិសំណូមពរដល់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តនេះ ត្រូវយកចិត្តទុកដាក់ទៅលើសកម្មភាពរបស់ជនជាតិចិន បង្ហាញវត្តមានក្នុងមូលដ្ឋាននេះឲ្យបានជាប្រចាំ ដើម្បីកុំឲ្យប៉ះពាល់ដល់វត្តមានភ្ញៀវទេសចរបរទេសដទៃទៀត ជាពិសេសកុំឲ្យប៉ះពាល់ដល់កិត្តិយសខេត្តព្រះសីហនុ ដែលត្រូវរដ្ឋាភិបាលប្រសិទ្ធិនាមថាជា «តារារះនាទិសនិរតី»។
ដោយឡែកសម្រាប់ស្ត្រីបម្រើការងារនៅតាមភោជនីយដ្ឋាន និងក្លឹបកម្សាន្តខារ៉ាអូខេ ឬហៅខ្លីថាខេធីវី (KTV) ភាគច្រើននាខេត្តព្រះសីហនុ បានចាត់ទុកវត្តមានជនជាតិចិន ពិសេសភ្ញៀវបុរសបង្ហាញខ្លួនច្រើននាមូលដ្ឋាននេះ ថានាំឲ្យរបរកំដរភ្ញៀវនៅពេលយប់ព្រលប់របស់ពួកគេ ទទួលបានភ្ញៀវច្រើន ហើយអាចរកប្រាក់ចំណូលកើនមួយទ្វេជា ៣ដង ឬច្រើនជាងនេះ បើប្រៀបធៀបពេលមុនមានវត្តមានជនជាតិចិនចូលមកដល់មូលដ្ឋាននេះ។
ស្ត្រីវ័យក្មេង ដែលមានសាច់សខ្ចី ឃើញពេលរាត្រី កំពុង បម្រើការនៅក្លឹបខារ៉ាអូខេមួយចំនួន បានឲ្យអ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តព្រះសីហនុដឹងថា នៅមុនពេលមានវត្តមានជនជាតិចិន ហូរចូលមកខេត្តព្រះសីហនុ គឺការកំដរភ្ញៀវជនជាតិខ្មែររបស់ពួកគេទទួលបានថវិកាក្រោម ៥០ដុល្លារសហរដ្ឋអាមេរិក ឬលើសនេះបន្តិចបន្តួចទេ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរជនជាតិចិន វិញ កំដរពួកគេមួយពេល ឬមួយយប់ ទទួលបានប្រាក់ចំណូលកើនទ្វេគុណ ដោយទទួលបានទាបបំផុតចន្លោះពីជាង ៥០ ទៅជាង ១០០ដុល្លារ ឬច្រើនជាង បើបានអង្គុយកំដរបុរសចិន។ ពិសេសជាងនេះ ប្រសិនបើបានដាច់យប់ទៅជាមួយភ្ញៀវចិន គឺពួកគេ អាចទទួលបានប្រាក់ចំណូលចាប់ពី ២០០ ទៅ ដល់ ៣០០ដុល្លារសហរដ្ឋអាមេរិក។
ទាក់ទិនបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នកវិនិយោគទុនចិន មានវត្តមានច្រើននាមូលដ្ឋាននេះ នឹងរួមចំណែកជំរុញឲ្យខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសតម្លៃទិញ ឬជួលអចលនទ្រព្យ និងការទិញលក់អគារសំណង់ផ្សេងៗមានតម្លៃខ្ពស់កប់ពពក ជាពិសេសជាងនេះ វត្តមានវិនិយោគិនចិន រីកចម្រើនដល់ការរកប្រាក់ចំណូលពីសេវាបម្រើសេវាទេសចរណ៍របស់ប្រតិបត្តិករ និងប្រជាពលរដ្ឋមូលដ្ឋាននេះឲ្យមានការងារធ្វើមានប្រាក់ចំណូលចិញ្ចឹមគ្រួសារកើនខ្ពស់ជាបន្តបន្ទាប់ទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
លោក យន្ត មីន ស្នើដល់កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន ប្រជាពលរដ្ឋ អាជីវករ និងផ្នែកពាក់ព័ន្ធនានា ត្រូវចូលរួមថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងគាំទ្រអ្នកវិនិយោគទុនចម្រុះជាតិសាសន៍ដែលចូលមកបោះទុនវិនិយោគនាមូលដ្ឋាននេះឲ្យបានទាំងអស់គ្នា ជៀសវាងការលាបពណ៌គ្នាបង្កើតឲ្យមានជម្លោះជាតិសាសន៍រវាងជនជាតិមួយទៅជនជាតិផ្សេង បង្កឲ្យជម្លោះបន្តិចបន្តួច បង្កឲ្យក្លាយទៅជាជម្លោះធំ នាំឲ្យប៉ះពាល់ដល់សុខសុវត្ថិភាពភ្ញៀវទេសចរ និងអ្នកវិនិយោគទុន។
ទោះជាបែបនេះក្តី មន្ត្រីរាជការថ្នាក់ទាប និងប្រជាពលរដ្ឋមានជីវភាពក្រីក្រ ពិសេសពលរដ្ឋ ដែលធ្វើចំណាកស្រុកមករកការងារធ្វើនៅខេត្តព្រះសីហនុ ហើយបានជួលផ្ទះ ឬបន្ទប់គេ សម្រាប់ស្នាក់នៅ អះអាងថា វត្តមានជនជាតិចិន បានប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ របស់ពួកគេ ព្រោះត្រូវម្ចាស់ផ្ទះជួល បានតម្លើងតម្លៃផ្ទះ ឬបន្ទប់ជួលប្រចាំខែ ខ្ពស់កប់ពពក ឬតម្លើងទ្វេគុណ ១ ទ្វេជា ៣ដង ឬច្រើនជាងនេះ បន្ទាប់ពីចិន បង្ហាញវត្តមានច្រើននាមូលដ្ឋានខេត្តព្រះសីហនុ។
ជាមួយគ្នានេះ ពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ បង្ហាញការមិនពេញចិត្តចំពោះឥរិយាបថបើកបររបស់ជនជាតិចិន ដែលសកម្មភាពការបើកបររថយន្តរបស់ពួកគេនៅតាមផ្លូវសាធារណៈក្នុងក្រុង ពិសេសនាពេលរាត្រីភាគច្រើន ពួកគេបានបើកបរក្នុងល្បឿនលឿន មិនគោរពច្បាប់ចរាចរណ៍ និងស្ថិតក្នុងស្ថានភាពស្រវឹងជោក ហើយតែងបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ដល់អ្នកធ្វើដំណើរ។
ត្រង់ចំណុចនេះ អាណាព្យាបាលសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយចេញបទបញ្ជាក្តៅ មកកម្លាំងនគរបាលខេត្តព្រះសីហនុ ឲ្យបង្កើនការងារដាក់ប៉ុស្តិ៍ចុះត្រួតពិនិត្យ ការធ្វើចរាចរណ៍តាមផ្លូវសាធារណៈ ពិសេសនៅពេលយប់ ស្នើកុំឲ្យជនជាតិចិន ទាំងនោះមានសិទ្ធិបើកបររថយន្តដោយខ្លួនឯងនាទីប្រជុំជនក្រុងព្រះសីហនុទៀតនាថ្ងៃអនាគត ព្រោះឥរិយាបថបើកបររបស់ជនជាតិចិន ភាគច្រើនមានល្បឿនលឿន ស្រវឹង មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឬភ្លើងបញ្ជាចរាចរណ៍ និងតែងបង្កគ្រោះថ្នាក់ចរាចរណ៍កើតមានជាច្រើនករណី និងបានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍ថា បច្ចុប្បន្ននេះ ទាំងអ្នកវិនិយោគទុន និងភ្ញៀវទេសចរជនជាតិចិន បានឈរនៅលំដាប់លេខរៀងទី១ ក្នុងចំណោមភ្ញៀវទេសចរ ឬអ្នកវិនិយោគទុនមកពីក្រៅប្រទេស រួមមាន៖ រុស្ស៊ី អាមេរិក វៀតណាម និងមកពីប្រទេសអង់គ្លេស ជាដើម។
ទោះជាបែបនេះក្តី លោក សុចិត្រគ្រឹស្នា មិនទាន់មានតួលេខច្បាស់លាស់ នៃចំនួនជនជាតិចិន និងអ្នកវិនិយោគទុនចិន ដែលចូលមករស់នៅ និងធ្វើជំនួញផ្សេងៗនាខេត្តព្រះសីហនុ ទាំងភ្ញៀវទេសចរ និងមកវិនិយោគមានចំនួនប៉ុន្មាននាក់ និងប៉ុន្មានក្រុមហ៊ុនឲ្យពិតប្រាកដទេ ដោយគ្រាន់តែបញ្ជាក់ថា អ្នកវិនិយោគទុនចិន ភាគច្រើន បានប្រកបអាជីវកម្មនៅលើវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ រួមមាន៖ សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន សេវាដឹកជញ្ជូនតាមផ្លូវអាកាសចេញក្រៅប្រទេស ឬទៅប្រទេសចិន និងក្លឹបកម្សាន្ត ជាដើម៕ ដោយ៖ ដែន សីមា