អ្នកទេសចរជនជាតិវៀតណាមយ៉ាងតិច ៣នាក់ និងមគ្គុទេសក៍ទេសចរណ៍អេហ្សីបម្នាក់ បានស្លាប់បាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តទេសចរណ៍នៅក្បែរពីរ៉ាមីត ស្ថិតក្នុងតំបន់ Giza នៃប្រទេសអេហ្សីប។
បើតាមការចុះផ្សាយរបស់សារពត៌មានរដ្ឋអេហ្សីប Ahram Online បានឲ្យដឹងថា មនុស្សចំនួន ១១នាក់ផងដែរ បានរងរបួសក្នុងការវាយប្រហារនោះ។
អាជ្ញាធរបញ្ជាក់ថា គ្រឿងផ្ទុះត្រូវបានគេបង្កប់នៅក្បែរជញ្ជាំង ហើយវាបានផ្ទុះ នៅពេលរថយន្តក្រុងទេសចរណ៍បើកចូលទៅក្បែរ។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងពីទំនួលខុសត្រូវរបស់ពួកគេឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសអេហ្សីប Ahmed Hafez បានហៅការវាយប្រហារនោះថាជាសកម្មភាពភេរវកម្ម។
លោកក៏បានបញ្ជាឲ្យមានការស៊ើបអង្កេតទៅលើវត្ថុធាតុដើមដែលគេប្រើសម្រាប់ផលិតគ្រឿងផ្ទុះទាំងនោះ និងធ្វើការប្រមូលភស្ថុតាងដែលថតដោយកាមេរ៉ាសុវត្ថិភាពនៅក្បែរតំបន់ដែលផ្ទុះ៕ សុភ័ក្ត្រ
ប្រភព៖ CNN