ខេត្តស្វាយរៀង ៖ លោក គឹម ធា សមាជិកព្រឹទ្ធសភាលោកស្រី ដួង វណ្ណា តំណាងរាស្ត្រខេត្តស្វាយរៀង លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងអស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត នាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត នាព្រឹកថ្ងៃចន្ទ៩រោច ខែមិគសិរ, សំរឹទ្ធិស័ក ព.ស២៥៦២ ៣១ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែរ និងអភិសេករូបសំណាកលោកតាគង់ យាយដើង នៅខាងក្រោយមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង។
លោក លោកស្រីជា សមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្រខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពនានា បានចូលរួមដង្ហែរូបសំណាកលោកតាគង់ យាយដើង តាមរថយន្តចំនួន១ជុំក្នុងក្រុងស្វាយរៀងមកកាន់ទីន្លែងអាស្រមថ្មីផងដែរ ។
លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអាននូវជីវប្រវត្តិលោកតាគង់ យាយដើង ដែលចងក្រងឡើងដោយមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង
តាមសាវតារលោកតាគង់យាយដើងនេះមានប្រវត្តិចាប់ផ្តើមកើតឡើងនៅក្នុងសម័យសង្គ្រាមខ្មែរនិងចាម្ប៉ា។នាសតវត្សទី៩មានស្ដេចចាម្ប៉ាមួយអង្គជាមេទ័ពធំនៃនគរចាម្ប៉ាបានលើកពលសេនាយោធាយ៉ាងគគ្រឹកគគ្រេងចូលមកវាយប្រហារនគរខ្មែរតែកងទ័ពបច្ចាមិត្តត្រូវបរាជ័យរត់ខ្ចាត់ខ្ចាយរលាយ អស់។ចូលមកដល់រជ្ជកាលព្រះបាទសុរិយាវរ្ម័នទី២ ដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិផ្ទៃក្នុង នគរចាម្ប៉ាបានបញ្ជូនកងទ័ពមករាតត្បាតលុកលុយ និងកាន់កាប់ត្រួតត្រាដែនដីខ្មែរនៅដីសណ្តរទន្លេភាគអគ្នេយ៍។
សូមជម្រាបជូនថា ៖ សមិទ្ធិផលថ្មីដែលលេចចេញជារូបរាងក្នុងបំណាច់២០១៨ ឈានចូលឆ្នាំ២០១៩នេះ ជាគំនិតផ្តួចផ្តើមក៏សាងឡើងដោយ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀង បានរៀបចំក៏សាងនូវទីសក្ការៈ ដ៏ស្រស់ស្អាតនេះស្ថិតនៅលើទីតាំងចាស់គឺអាស្រម(លោកតាគង់ យាយដើង) ខាងក្រោយមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តខេត្តស្វាយរៀង ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ៕ វ៉ៃគោ