ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ចាប់ តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការតវ៉ាថ្មីៗនេះពាក់ព័ន្ធនឹងការសាងសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន ៣៦អង្គ នៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន២ នៅក្នុងខេត្តព្រះវិហារ។
បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃបានបន្តពង្រឹងការគ្រប់គ្រង និងការកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា តាមរយៈការសាងសង់សំណង់អចិន្ត្រៃយ៍នានា ដូចជា ផ្លូវ ព្រះពុទ្ធបដិមាធំៗ ការដំឡើង និងពង្រឹងរបាំងបិទផ្លូវដោយប្រើទូកុងតឺន័រ និងបន្លាលួស ការសាងសង់បង្គោល ទង់ជាតិនៅទីតាំងមួយចំនួន ព្រមទាំងការរៀបចំសកម្មភាពវប្បធម៌ និងទេសចរណ៍ផ្សេងៗ។
សកម្មភាពទាំងនេះមិនអាចចាត់ទុកបានថាជាវិធានការរក្សាទីតាំងឈរជើងកងទ័ពនោះទេ គឺវាផ្ទុយ យ៉ាងច្បាស់ទៅនឹងវិធានការដែលចែងនៅក្នុងចំណុចរ៉ូម៉ាំង I នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសក្នុងចំណុចទី២ និងទី៣៖ ចំណុចទី២៖ «ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយ មិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។»
ចំណុចទី៣៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះ ពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាព គ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបាន ឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវ សន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមាន ស្រាប់នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ របស់ក្រុមការងារវាស់វែងចម្រុះ នៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណ កម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។»
រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនតាមរយៈការប្រើប្រាស់ កម្លាំងជាដាច់ខាត ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះទេ ហើយសកម្មភាពដូចបាន រៀបរាប់ខាងលើនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទង នឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងក្នុងសេចក្តី ប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីស្តារឡើងវិញនូវ ជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិត ខាងល្អ តាមបណ្តោយព្រំដែនរួមរវាងប្រទេសទាំងពីរ ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ រក្សាសិទ្ធដោយ៖សុទ្ធលី




