បាត់ដំបង ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការ យល់ព្រមពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ យុវជនម្នាក់ឈ្មោះ ឆយ រី អាយុ ២១ ឆ្នាំរស់នៅក្នុងភូមិសំបួរមាស ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបាននគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនមកសាលាដំបូងខេត្តបាត់ដំបង ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៨ ក្នុងករណី រួមភេទជាមួយអនីតិជន នាពេលកន្លងមក ។
លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់បានឲ្យដឹងថា បន្ទាប់ពីទទួលបាននូវបណ្តឹង ពីម្តាយរបស់កុមារីរងគ្រោះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ប្តឹងចោទប្រកាន់ ទៅលើយុវជនដូចមានឈ្មោះខាងលើរួចមក នគរបាលបានធ្វើការស្រាវជ្រាវជាបន្ទាន់ដែលក្នុងនោះ ក៏មានការចូលរួម ពីអង្គភាពនានា នៅក្នុងមូលដ្ឋានស្រុក ដែលធ្វើការពាក់ព័ន្ធ នឹងករណីនេះ ហើយជាមួយនេះ ក៏បានការចូលរួមផ្តល់នូវអនុសាសន៍ ពីថ្នាក់ដឹកនាំស្នងការ ព្រមទាំងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផង ទើបឈានទៅធ្វើការឃាត់ខ្លួនយុវជនជាជនស័ង្សយខាងលើ បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបជូនថា កុមារីរងគ្រោះមានឈ្មោះព.រ អាយុ១៤ឆ្នាំរស់នៅភូមិ-ឃុំ-ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបច្ចុប្បន្នកុមារីរងគ្រោះកំពុង ត្រូវបានទទួលនូវការយកចិត្តទុក ដាក់ផ្តល់ប្រឹក្សា និងការគាំពារ ពីអង្គភាពជំនាញ ទាក់ទងលើបញ្ហានេះផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ