អបអរសាទរពិធីឆ្លងឆ្នាំសកល ២០១៨ ចូល២០១៩ នៅវិមាន ឈ្នះ ឈ្នះ ចូលឆ្នាំសកលរាត្រីយប់នេះ មានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាលរដ្ឋយ៉ាងច្រើនកុះករ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំ និងភរិយា ពិតជាមានភាពសប្បាយរីករាយណាស់ ដែលបានចូលរួមក្នុងពិធីឆ្លងឆ្នាំសកល ២០១៨ ចូល ឆ្នាំ២០១៩ នាពេលរាត្រីនេះ ដែលបាននិងកំពុងធ្វើនៅវិមាន អនុស្សាវរីយ៍ “នយោបាយ ឈ្នះ ឈ្នះ ” ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី ដែលបានបង្ហាញពីអារម្មណ៍រីករាយគ្រប់ៗគ្នា។
ពិតណាស់ភាពសប្បាយរីករាយទាំងអស់នេះកើតមានដោយសារតែកម្ពុជាមាន «សុខសន្តិភាព» ពេញលេញ ដែលនាំឲ្យការលេងកម្សាន្តរបស់ប្រជាពលរដ្ឋមិនមានការព្រួយបារម្ភនោះឡើយ។ សន្តិភាព បានផ្តល់ឱកាសកាន់តែច្រើនឡើងដល់ប្រជាពលរដ្ឋក្នុងការចូលរួមប្រារព្ឋពិធីបុណ្យជាតិ និងអន្តរជាតិនានា ទោះបីនៅពេលយប់ឬពេលថ្ងៃដោយគ្មានការភ័យខ្លាចឡើយ។ យើងត្រូវតែរួមគ្នាបន្តការពារសន្តិភាព និងថែរក្សាស្ថេរភាពនយោបាយសង្គមឲ្យបានល្អ ដើម្បីជំរុញការអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន។
សូមអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់ ការពារសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមឆ្លងឆ្នាំសកលនៅ វិមាន ឈ្នះ ឈ្នះ នារាត្រីនេះអោយបានល្អ។
ជូនពរបងប្អូនជនរួមជាតិ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកូនក្មួយយុវជនយុវតី សិស្សានុសិស្ស ព្រមទាំងកម្មករកម្មការិនីទូទាំងប្រទេស ជួបតែសេចក្តីសុខ សុភមង្គល ក្នុងក្រុមគ្រួសារ សុខភាពល្អ និងមានលាភសំណាងល្អគ្រប់ៗគ្នា ចាប់ពីថ្ងៃចូលឆ្នាំសកលថ្មី២០១៩ នេះតទៅកុំបីខាន។
នៅក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល ២០១៨ ចូល ឆ្នាំ២០១៩ ដែលប្រព្រឹត្តិធ្វើឡើង នៅវិមាន អនុស្សាវរីយ៍ “នយោបាយ ឈ្នះ ឈ្នះ ” បានប្រព្រឹត្តិទៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី ដែលបានបង្ហាញពីអារម្មណ៍រីករាយគ្រប់ៗគ្នា។ ពិតណាស់សម្រាប់ឆ្នាំនេះ គឺជាឆ្នាំពិសេសសម្រាប់ប្រទេសកម្ពុជា ដែលបានរៀបចំពិធីបុណ្យរំលឹកខួប២០ នៃនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ក្នុងរយៈពេល២០ កន្លងមកនេះ។ កម្ពុជាទទួលបាននូវសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋល្អប្រសើរ កំណើនសេដ្ឋកិច្ចរីកលូតលាស់ ដែលបានប្រែក្លាយពីប្រទេសដែលមានប្រាក់ចំណូលទាបមកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងនៅឆ្នាំ២០៣០ ខាងមុខនឹងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនិងមានទិសដៅក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
នៅក្នុងរាត្រីនៃពិធីឆ្លងឆ្នាំសកលនេះផងដែរ គឺមានកម្មវិធីសំខាន់ៗជាច្រើនដូចជា ការទទួលទានអាហារសាមគ្គី ការបង្ហាញឈុតឆាកសិល្បះទាក់ទងទៅនឹងប្រវត្តិនៃនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន មានចម្រៀង និងការសម្តែង របស់សិល្បៈករល្បីៗ។ ជាមួយគ្នានោះ នៅក្នុងបរិវេណ វិមាន ឈ្នះ ឈ្នះ នេះផងដែរ ក៏មានការតាំងបង្ហាញពីស្តង់ពីព័រណ៌ ទំនិញផលិតផល និងម្ហូបអាហារផ្សេងៗច្រើន ក្នុងនោះក៏មានការតាំងបង្ហាញនូវសមទ្ធិផលរីកចម្រើនក្នុងរយៈ២០ របស់ក្រសួងស្ថាប័នផ្សេងៗនៃរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះផងដែរ ក៏មានការបាញ់កាំជ្រួចដ៏អស្ចារ្យមិនធ្លាប់មានក្នុងរយៈពេល១ម៉ោង ក្នុងបរិយាកាសរីករាយក្រៃលែង។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ និងមុខរបរ និងមានលាភសំណាងគ្រប់ៗគ្នានៅក្នុងឱកាសឆ្នាំថ្មី ២០១៩ នេះ ៕ ដោយ ៖ កូឡាប