កណ្តាល ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃចុងក្រោយឆ្នាំ២០១៨ ដីមាត់ច្រាំងទន្លេ បាក់ធ្លាក់ចុះចូលទៅក្នុងទឹកទន្លេ នៅចំណុចប្រាសាទបក្សីចាំក្រុង វត្តកែវមណីជោតិ ហៅវត្តរកាកោងក្រៅ ដែលស្ថិតនៅភូមិរការកោង ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ហេតុការណ៍នេះ មិនមានប្រជាពលរដ្ឋ ណាម្នាក់រងគ្រោះ ដោយ សារការបាក់ច្រាំទន្លេនេះនោះទេ។
បើតាមពលរដ្ឋនៅក្បែរនោះ បានប្រាប់ថា មានការបាក់ច្រាំងទន្លេ ហើយបានបាក់ខ្លោងទ្វារនៅមុខព្រះវិហារ និងមានការបាក់ធ្លាក់ផ្ទះប្រជាពលរដ្ឋ អស់មួយខ្នង ហើយមកដល់នៅព្រឹកនេះក៏បានបន្ត បាក់ចូលមកជិតដល់ក្លោងទ្វារវត្តកែវមណីជោតិ ដែលបានធ្វើឱ្យប្រាសាទបក្សីចាំក្រុង នៅខាងមុខក្លោងទ្វារវត្ត បានបាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេ។ ជាមួយគ្នានេះ គ្រឹះនៃបង្គោលដងទង់ជាតិដ៏ខ្ពស់នៅក្បែរនោះ មានកម្ពស់រហូតដល់៥៣ម៉ែត្រ បានហើបប៉ើងអាចនឹងរលំធ្លាក់ចូលទៅក្នុងទឹកទន្លេទៀត។
ប្រជាពលរដ្ឋបានបន្តថា ពួកគាត់កំពុងតែមានការព្រួយបារម្មណ៍ខ្លាំងណាស់ ចំពោះផ្ទះរបស់ពួកគាត់ដែលនៅក្បែរៗនោះមិនដឹងថា យប់នេះអាចនឹងបាក់ធ្លាក់ដល់ចំណុចណាទៀតនោះទេ បើគ្រាន់តែមួយយប់ បានបាក់អស់យ៉ាងច្រើនដូចនេះ ហើយផ្ទះរបស់ពលរដ្ឋមួយចំនួន ដែលនៅក្បែរនោះបានចាប់ផ្តើមរើរបស់របរជាបន្តបន្ទាប់ហើយ។
ចំណែកឯប្រជាពលរដ្ឋជាច្រើនផ្សេងទៀត បាននិយាយប្រហាក់ប្រហែលគ្នាថា ការបាក់ដីចូលទៅក្នុងទន្លេបែបនេះ ជាគ្រោះធម្មជាតិ ហើយម្យ៉ាងទៀតអាចមកពីបូមខ្សាច់ផងដែរ ធ្វើឲ្យបាតទន្លេកាត់តែជ្រៅ ទើបធ្វើឲ្យបាក់ច្រាំងទន្លេ ៕ ដោយ ៖ បញ្ញាស័ក្តិ