ភ្នំពេញ ៖ បើយោងតាមអង្គការ BirdLife Cambodia បានប្រកាសពីលទ្ធផលនៃការអង្កេតតាមដាននិងការពារសំបុកពងកូនសត្វស្លាបជិតផុតពូជឆ្នាំ២០១៨ ៖
ឆ្នាំនេះក្រុមសិក្សាស្រាវជ្រាវជីវចម្រុះ នៅដែនជម្រកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិច បានខិតខំសិក្សាស្រាវជ្រាវនិងតាមដានយ៉ាងសកម្ម លើសត្វស្លាបជិតផុតពូជ៥ប្រភេទជាលទ្ធផល យើងរកឃើញសំបុកត្រយ៉ងយក្សចំនួន១៦ ក្នុងនោះ១២សំបុកញាស់បានកូន១៧ក្បាលជោគជ័យ ចំណែកសំបុកសត្វត្មាតបានរកឃើញចំនួន១១សំបុក (៩សំបុកត្មាតត្នោត និង២សំបុកត្មាតភ្លើង)។ លើសពីនេះទៀត នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំំ២០១៨ កន្លងទៅ ក្រុមសិក្សាស្រាវជ្រាវជីវះចម្រុះប្រចាំនៅដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិចបានធ្វើជំរឿនសត្វត្រយ៉ងចំកំកសដោយរាប់បានសរុបចំនួន ៣២០ក្បាល។
សូមជំរាបជូនថាដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិច ជាដែនជម្រកសត្វព្រៃចំនួនពីរក្នុងចំណោមដែនជម្រកទាំងអស់នៅប្រទេសកម្ពុជាដែលបានបង្កើតឡើងតាមអនុក្រឹត្យ ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់ព្រៃឈើភាគខាងលិចសៀមប៉ាង ជាតំបន់ព្រៃឈើដែលមានសារះសំខាន់មួយដែលនៅសេសសល់ក្នុងពិភពលោកសម្រាប់ធ្វើការអភិរក្សជីវចម្រុះ និងជាតំបន់មានសក្កានុពលសម្រាប់ការរស់នៅរបស់សត្វព្រៃគ្រប់ប្រភេទជាពិសេសក្រុមប្រភេទសត្វព្រៃជិតផុតពូជ រួមមានត្រយ៉ងចង្កំកស ត្រយ៉ងយក្ស ត្មាតភ្លើង ត្មាតត្នោត ត្មាតផេះ និងប្រភេទទទួលរងការគំរាមគំហែងមានដូចជា ប្រភេទសត្វរមាំង និងសត្វខ្ទីង៕ ដោយ ៖ បញ្ញាស័ក្តិ