ភ្នំពេញ ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា តាមរយៈផេកហ្វេសប៊ុកនៅថ្ងៃទី២ខែមករាឆ្នាំ២០១៩ បានសរសេរថា សូមលោកពូ មាស នី ធ្វើការវិភាគផ្អែកលើមូលដ្ឋានអភិវឌ្ឍន៍ និងការពិតផង ដោយខ្ញុំមើលឃើញការផ្តល់បទសម្ភាសន៍របស់លោក
ពូជុំវិញការអញ្ជើញរដ្ឋមន្ត្រី មកបំភ្លឺពីសំណាក់យន្តការ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គឺលោកពូ កំពុងបំភ្លើសការពិតច្រើន ដោយហេតុថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអញ្ជើញរដ្ឋមន្ត្រីកន្លងមក មានចំនួន ៤ ក្រសួងមកហើយ ក៏គ្មានអវត្តមានក្រសួងមួយណាដែរ…”។
លោកពេជ្រ ស្រស់ បានបញ្ជាក់ថា “ក្នុងន័យនេះ សូមលោកពូ មេត្តាជួយចូលរួមលុបបំបាត់ការលាបពណ៌ មូលបង្កាច់ និងចោទប្រកាន់គ្មានមូលដ្ឋានចេញពីសង្គមកម្ពុជាផង បើលោកពូមិនចូលរួមទេ ថែមទាំងចូលរួមធ្វើសកម្មភាពទៀតនោះ គឺច្បាស់កម្ពុជាគ្មានឱកាសរីកចម្រើនលឿននោះទេ ដោយសារតែការផ្តល់ព័ត៌មានមិនពិត និងមិនមានភាពអភិវឌ្ឍន៍សង្គម។ សូមលោកពូ មេត្តាទទួលការរាប់អានពីខ្ញុំ ពេជ្រ ស្រស់”។
បើតាមលោកមាស នី មានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងស្រុកមួយថា “វាអាចមានច្រកពីរ ទីមួយគឺអាចហៅរដ្ឋមន្ត្រីមក ក៏ប៉ុន្តែ ខ្ញុំមានសង្ឃឹមតិចណាស់ ដែលរដ្ឋមន្ត្រីនឹងមកឆ្លើយដោយត្រង់ៗជាមួយឧត្តមក្រុមប្រឹក្សាហ្នឹងបាទ។ ហើយបើសិនជារដ្ឋមន្ត្រី មិនមកទេ អានេះវានឹងអាចបង្ហាញថា ឧត្តមក្រុមប្រឹក្សានេះ បង្កើតឡើងគឺដើម្បីតែលម្អផ្ទះរដ្ឋាភិបាលទេ។ ប៉ុន្តែ រដ្ឋាភិបាលមិនបានចាត់ទុកក្រុមហ្នឹងថាជាឧត្តមក្រុមប្រឹក្សាដែលអាចមានឥទ្ធិពលលើរដ្ឋាភិបាលទេបាទ ។ នេះខ្ញុំមិននិយាយពីរឿងសមត្ថភាពអីរបស់សមាជិកឧត្តមក្រុមប្រឹក្សាទេ”៕ ដោយ ៖ រចនា