តាមការផ្សាយរបស់ Inderpendent ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ កន្លងមកឲ្យដឹងថា ក្រោយពីភ្លៀងធំមួយនៅប្រជុំជនដាច់ស្រយាល Kunurra ភាគខាងជើងរដ្ឋ Western ប្រទេសអូស្ត្រាលី បានធ្វើឲ្យទឹកឡើងលិចទំនប់ ។ អ្នកគ្រប់គ្រងទំនប់ឈ្មោះ Paul Mock បានចេញពិនិត្យស្ថានភាពទឹក ស្រាប់តែឃើញគីង្គក់អំពៅ (មានពិសដ៏កាចសាហាវ) បានចាប់ពស់ថ្លាន់ធ្វើជាមធ្យោបាយរត់គេចពីទឹកជំនន់ ដោយពួកវាឡើងតោងពីលើខ្នងពស់ ដែលមានប្រវែង ប្រមាណ ៣,៥ម៉ែត្រនេះ ។
គាត់ក៏ថតយកទិដ្ឋភាពដ៏កម្រប្រទះនេះ ហើយឲ្យប្អូនប្រុសឈ្មោះ Andrew បង្ហោះឡើងបណ្តាញសង្គម ។
តាមអ្នកវិទ្យាសាស្ត្រនោះពស់ថ្លាន់ ប្រាកដជាពុំហ៊ាន “ប្រឆាំង” នឹងពួកគីង្គក់នេះទេ ព្រោះដឹងថា បើចាំបាច់រាងកាយរបស់ពួកវានឹងបញ្ចេញសារធាតុពិសម្យ៉ាងដ៏កាចសាហាវ អាចសម្លាប់សត្វដទៃបាន ៕ ចន្ទ្រា