ភ្នំពេញ ៖ ស្ត្រី ជាថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ដែលទើបនឹងរៀបការជាមួយអ្នកជំនួញថៃវ័យក្មេង កាលពីចុងឆ្នាំ២០១៨នេះ ត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនពាក់ព័ន្ធករណីថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្សដើម្បីគំរាមទារប្រាក់។
យោងតាមសមត្ថកិច្ច ស្ត្រីថៅកែហាងកែសម្ផស្សរូបនោះមានឈ្មោះ ហូវ ដាណេ ។
ជនរងគ្រោះបានប្តឹង ស្ត្រីសង្ស័យ ដោយចោទប្រកាន់ថា ជនសង្ស័យ បានបើកហាងកែសម្ផស្សខាងលើ ដោយផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឲ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅក្រមុំ ហ្ស៊ីន ដោយយកតម្លៃ៧០០ដុល្លារ។
ពេលផ្តល់សេវារួចរាល់ ស្រាប់តែមានវិក្កយបត្រ២ គឺមួយតម្លៃ៧០០ដុល្លារ និងមួយទៀតតម្លៃ ២៨.០០០ដុល្លារ ដោយអះអាងថា តម្លៃ២៨.០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ។
ពេលនោះជនរងគ្រោះបានតវ៉ា លើសេវាផ្សេងៗ ដោយសុំត្រឹម២.០០០ដុល្លារ ប៉ុន្តែស្ត្រីសង្ស័យបានទាមទារ៨.០០០ដុល្លារ បើមិនបាន៨.០០០ដុល្លារទេ គេនឹងបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកឲ្យខ្មាសគេ អំពីរូបភាពជនរងគ្រោះកំពុលទទួលសេវា ដេរប្រដាប់ភេទ។
ក្រោយទទួលការគំរាមបែបនេះ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងទៅការិយាល័យជំនាញ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យចាប់ខ្លួនស្ត្រីសង្ស័យ ឈ្មោះ ហូវ ដាណេ តែម្តងទៅ។
សមត្ថកិច្ចជំនាញបានបង្ហើបប្រាប់ឲ្យដឹងថា ក្រោយពេលចាប់ខ្លួន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ ស្ត្រីសង្ស័យឈ្មោះ ហូវ ដាណេ បានសារភាពថា រាល់ពេលខ្លួនផ្តល់សេវកម្មជូនអតិថិជន គឺភាគច្រើនជាតារា និងស្រីស្អាត គឺតែងតែលួចថតវីដេអូជានិច្ច។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងតែនាំស្ត្រីសង្ស័យទៅឆែកឆេររកវីដេអូ ដែលនាងលួចថតនៅក្នុងហាងកែសម្ផស្សឈ្មោះ ឌែម៉ូគ្លីនិក នៅម្តុំផ្សារទួលគោក ដើម្បីស្វែងរកភស្តុតាងបន្ថែម។
សូមជម្រាបជូនថា ថៅកែ ហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ឈ្មោះ ហូវ ដាណេ ជាមេម៉ាយកូន២ ទើបតែចូលរោងការជាមួយសេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡាដ៍ស្កឹមស្កៃមួយ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨កន្លងទៅ ដោយមានតារាៗប្រុស និងស្រីល្បីៗ ជាច្រើនរូបចូលរួម ហើយត្រូវគេផ្សព្វផ្សាយ និងថតរូបបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ផ្អើលពេញប្រទេសកម្ពុជា៕ ដោយ ៖ បញ្ញាស័ក្តិ